ភ្នំពេញ ៖ ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមដកទំនប់ការពារដែលទប់ធ្វើជាទំនប់ទឹក ក្នុងអំឡុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្ត នោះចេញវិញហើយ ដើម្បីគ្រប់គ្រងរំហូរទឹកឲ្យមានសភាពដូចដើមឡើងវិញ។
យោងតាមគេហទំព័ហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នាថ្ងៃទី១៧ កក្កដា នេះបញ្ជាក់ថា ការដកទំនប់ការពារ ដែលទប់ធ្វើជាទំនប់ទឹកបណ្ដោះអាសន្ននេះ បន្ទាប់ពីស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ជាស្ថាពរ។

អ្នកស្រី អួន ស៊ីណាង មន្ត្រីបច្ចេកទេស និងជាអ្នកទទួលបន្ទុកដកទំនប់ការពារ បានលើកឡើងថា គម្រោងជួសជុលស្ពានហានខាងលិចប្រាសាទអង្គរវត្តបានបញ្ចប់កាលពីចុងឆ្នាំ២០២៣ ហើយការងារដែលនៅសេសសល់ គឺការដកទំនប់ការពារដែលទប់ទឹកមិនឱ្យចូលការដ្ឋានកាលណោះចេញវិញ។

ទំនប់ដី ដែលធ្វើការពារទឹកបណ្ដោះអាសន្ន ក្នុងពេលជួសជុលស្ពានហាលខាងលិចប្រាសាទអង្គរវត្តនោះ
មានបណ្តោយប្រវែង ២៣០ម៉ែត្រ ទទឹង ៤ម៉ែត្រកន្លះ និងកម្ពស់ ២ម៉ែត្រកន្លះ។

ការដកទំនប់ការពារនេះ មិនត្រឹមតែបើករំហូរទឹក ឱ្យមានសភាពដូចដើមវិញប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជួយបង្កើនភាពស្រស់ស្រាយ សោភ័ណភាពរបស់ស្ពាន ដើម្បីឱ្យភ្ញៀវទេសចរអាចអង្គុយមើលពីច្រាំងកសិន្ធុ ឃើញពីភាពរឹងមាំនៃរចនាសម្ព័ន្ធស្ពានដែលទើបតែជួសជុលរួច មានភាពរឹងមាំផងដែរ។
អ្នកស្រី អួន ស៊ីណាង ឱ្យដឹងទៀតថា ការដកទំនប់ការពារចេញពីរបាំងស្ពានហាលនេះ គឺមានការពិបាកខ្លាំង
ដោយត្រូវប្រើបច្ចេកទេសជ្រមុជទឹក កាយយកអាចម៍ដី និងលើកចេញពីក្នុងទឹកមកច្រកក្នុងការ៉ុងរួចដាក់លើក្បូនហើយត្រូវទាញក្បូនជញ្ជូនមករក្សាទុកនៅលើគោកជាដើម៕
