ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេស(IOM)កម្ពុជាបានចូលជួបដើម្បីជម្រាបលានៅពេលដែលលោកស្រីនឹងបញ្ចប់បេសកកម្មនៅកម្ពុជាក្នុងពេល ឆាប់ៗនេះ។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីទាំងពីរ បានពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលលើសមិទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងអង្គការIOM និងក្រសួងការងារកាលពីកន្លងមកអំពីវឌ្ឍនភាពស្តីពីទេសន្តរប្រវេសន៍ដែលភាគីទាំងពីរមានចក្ខុវិស័យរួមគ្នាចង់ឃើញការរីកចម្រើន និងភាពកាន់តែល្អប្រសើរនៅកម្ពុជា។




ក្នុងនោះ លោកស្រីប្រធានIOMនៅកម្ពុជា បានថ្លែងអំណរគុណលោករដ្ឋមន្ត្រីចំពោះការផ្តល់កិច្ចសហការ និងការគាំទ្រពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចូលរួមយ៉ាងសកម្មចំពោះវឌ្ឍនភាពគួរឱ្យកត់សម្គាល់នៃបេសកកម្មរបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) នៅកម្ពុជាដែលមានលោកស្រីជាតំណាងនាពេលកន្លងមក។







ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់លោកស្រី Kristin Parcoផងដែរដែលបានចូលរួមយ៉ាងសកម្មនិងយ៉ាងសំខាន់ចំពោះវឌ្ឍនភាពស្តីពីទេសន្តរប្រវេសន៍នៅកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
យ៉ាងណាក៏ដោយបើទោះបីជាបញ្ចប់បេសកកម្មនៅកម្ពុជាក្តី ប៉ុន្តែលោកស្រី Kristin Parco បានជឿជាក់ថាប្រធានប្តូរវេនថ្មីរបស់IOMនៅកម្ពុជា នឹងបន្តពង្រីកកិច្ចសហការប្រតិបត្តិការដែលភាគីទាំងពីរមានស្រាប់ដើម្បីបន្ត វឌ្ឍនភាព និងភាពរីកចម្រើផ្នែកទេសន្តរប្រវេសន៍កម្ពុជា៕
