ភ្នំពេញ ៖ នារសៀលថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាអនុប្រធាន ប្រចាំការគណៈកម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ បានអញ្ជើញដឹកនាំ ក្រុមការងារអន្តរក្រសួងប្រជុំពិនិត្យ វឌ្ឍនភាពការងារត្រៀមរៀបចំ ប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកអភិបាលខេត្តកណ្ដាល លោក-លោកស្រីជា តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ និងមន្ត្រីជំនាញជាច្រើនរូប។

យោងតាមទឡ្ហីករណ៍ នៃការសិក្សាផលចំណេញប្រៀបធៀបការ ដឹកជញ្ជូន បានបង្ហាញឱ្យឃើញថា ការដឹកជញ្ជូនតាមផ្លូវទឹក មានតម្លៃទាបជាង ការដឹកជញ្ជូន តាមផ្លូវដែក ២ដង និងទាបជាងការដឹកជញ្ជូនតាមផ្លូវគោករហូតដល់ទៅ ៥ដង ព្រោះថាការដឹកជញ្ជូន តាមផ្លូវទឹកមានការចំណាយទាប មានសុវត្ថិភាព មានលទុ្ធភាពក្នុងការផ្ទុកទំនិញបានច្រើន និងបានចូលរួមកាត់បន្ថយផលប៉ះពាល់បរិស្ថានផងដែរ។ អាស្រ័យហេតុនេះហើយ គម្រោងព្រែកជីកហ្វូណនតេជោ នឹងចូលរួមលើកកម្ពស់ការដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជាឱ្យកាន់តែមានសក្ដានុពល ជាចំណែកមួយធ្វើឱ្យសង្គម និងសេដ្ឋកិច្ចជាតិកាន់តែមានភាពរីកចម្រើន៕


