ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នឹងកំណត់ជាថ្មីនូវកម្រិតកម្ពស់បេក្ខជនទាំងពីរភេទ ដែលមានបំណងប្រឡងយកក្របខ័ណ្ឌមន្ត្រីនគរបាលជាតិចាប់ពីឆ្នាំ២០២៥ តទៅ។ នេះបើតាមការថ្លែងឱ្យដឹងពី លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើទូរសព្ទដៃ និងកុំព្យូទ័រ ជំនាន់ទី១ និងបើកវគ្គជំនាន់ទី២ របស់ក្រុមការងារយុវជនខេត្តព្រៃវែងនារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។
ពីវេទិកាអធិបតី ដែលមានសិក្ខាកាមជ័យលាភីភាគច្រើនជាសិស្ស និងនិស្សិតក្នុងខេត្តព្រៃវែង ជិត ៤០០នាក់ លោកឧបនាយករដ្ឋមន្ត្រីស សុខា «បានមានប្រសាសន៍ថា សម្រាប់បេក្ខជនប្រឡងជ្រើសរើសនគរបាលជាតិ បេក្ខជនជាបុរសត្រូវមានកម្ពស់ចាប់ពី ១.៧០ម៉ែត្រ ឡើងទៅចំណែកបេក្ខជន ជាស្ត្រីត្រូវមានកម្ពស់ចាប់ពី ១.៦៥ម៉ែត្រ ឡើងទៅ»។



បើតាម លោកឧបនាយករដ្ឋមន្ត្រី ទន្ទឹមនឹងការកម្រិតកម្ពស់ថ្មីលើបេក្ខជនទាំងពីរភេទ ក្រសួងមហាផ្ទៃ ក៏បានរៀបចំរួចជាស្រេចហើយដែរនូវលិខិតបទដ្ឋាននិងយន្តការគណៈកម្មការ ដើម្បីត្រៀមអនុវត្តការប្រឡងជ្រើសរើសមន្ត្រីនគរបាល តាមគោលការណ៍ថ្មីប្រកបដោយតម្លាភាព និងចំគោលដៅក្នុងនោះក៏រួមទាំងការផ្ដល់អាទិភាដល់បេក្ខជនគ្រប់លក្ខណៈសម្បត្តិ និងមានសមត្ថភាពទាំងឡាយណាដែលមានទីលំនៅក្នុងមូលដ្ឋាន មានតម្រូវការក្របខណ្ឌនោះផ្ទាល់តែម្ដង។



ភ្ជាប់នឹងជ័យលាភីទាំង ៣៧៨អង្គ/នាក់ ដែលទទួលការបណ្ដុះបណ្ដាលជំនាញរដ្ឋបាល និងផលិតវីដេអូតាមទូរសព្ទ និងកុំព្យូទ័រ លោកឧបនាយករដ្ឋមន្ត្រី ស សុខាបានលើកទឹកចិត្តដល់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់លក្ខខណ្ឌ ត្រៀមចូលរួមប្រឡងយកក្របខណ្ឌនគរបាលជាតិ នាពេលខាងមុខ ដោយឯកឧត្តមមានក្ដីសង្ឃឹមថា សិក្ខាកាមជ័យលាភី ដែលប្រឡងជាប់ ពិតជាចៀសមិនផុតឡើយពីការប្រើជំនាញដែលបានរៀនជាមួយក្រុមការងារយុវជនខេត្តព្រៃវែងដើម្បីសម្រួលការងារប្រចាំថ្ងៃ។



ក្នុងន័យនេះ លោកឧបនាយករដ្ឋមន្ត្រី បានកោតសរសើរក្រុមការងារយុវជនខេត្ត និងភាគីពាក់ព័ន្ធ ដែលសហការរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីផ្ដល់ឱកាសឱ្យសិក្ខាកាមបានសិក្សាដោយឥតគិតថ្លៃ និងបញ្ចប់ដោយជោគជ័យដល់ទៅ ៣៧៨អង្គនាក់។ លោកឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមការងារយុវជនខេត្តព្រៃវែង បន្តរៀបចំវគ្គបណ្ដុះបណ្ដាលនេះឱ្យបានទៀងទាត់ និងប្រកបដោយគុណភាពដើម្បីរួមចំណែកគាំទ្រយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ជាពិសេសការពង្រឹងធនធានមនុស្ស៕
