ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា សង្គ្រាមមិនមែនធ្វើឲ្យ បែកបាក់តែមនុស្សទេ សូម្បីរូបសំណាកបុរាណខ្មែរ ដែលជាព្រលឹងដូនតា ក៏ត្រូវបានបែកបាក់ដែរ ដោយលួចយក ទៅប្រទេសក្រៅ ។
នាឱកាសអញ្ជើញជាអធិបតី បញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប នាថ្ងៃ១៨ កក្កដា សម្ដេចធិបតីមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានបង្កើនកិច្ចគាំពារថែរក្សាសម្បត្តិវប្បធម៌ជាតិ និងប្រាង្គប្រាសាទបុរាណនានាឲ្យបានល្អ គង់វង្ស សម្រាប់កូនចៅខ្មែរជំនាន់ក្រោយតទៅមុខទៀត។
សម្ដេចធិបតីបន្ដថា បច្ចុប្បន្ន រាជរដ្ឋាភិបាលបានប្រមូលឡើងវិញ នូវសម្បត្តិវប្បធម៌របស់ខ្មែរពីបរទេស យកមកម្ពុជាវិញ ដែលមានចំនួន១៥ប្រទេស ស្មើនឹង ១០៩៨ ដុំ។ សម្ដេចក៏បានថ្លែងអំណរគុណ បណ្ដាប្រទេសនានា បានប្រគល់ រូបសំណាកខ្មែរ មកកម្ពុជាវិញ។
សម្ដេចនាយករដ្ឋមន្ដ្រី មានប្រសាសន៍ថា «អីចឹងសង្គ្រាមមិនធ្វើឲ្យកូនចៅ ធ្វើឲ្យមនុស្សបែកបាក់នោះទេ សូម្បីរូបសំណាកក៏បែកបាក់ដែរ ឥឡូវយើងបានយកមកវិញ កន្លែងខ្លះយើងរៀបផ្គុំឡើងវិញនៅកន្លែងដើម កន្លែងខ្លះយើងទុកនៅសារមន្ទីរ។
នាយករដ្ឋមន្ដ្រី ក៏បានទទូចឲ្យរួមគ្នាថែទាំ អភិវឌ្ឍន៍ និងអភិរក្សសម្បត្តិវប្បធម៌ ដែលដូនតាបន្សល់ទុក ដើម្បីទាញផលឲ្យ កាន់តែសម្បូរបែប សម្រាប់បម្រើឲ្យវិស័យទេសចរណ៍។ សម្ដេចថា វត្ថុបុរាណខ្មែរ ដែលយកលក់ដេញថ្លៃនៅក្រៅប្រទេស មានតម្លៃរហូតដល់រាប់លានដុល្លារ តែកម្ពុជា ត្រូវតែប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីយកមកកម្ពុជាវិញ៕