ព័ត៌មានជាតិ

លោក ឈុំ សុជាតិ៖ បញ្ហាអាកាសធាតុធ្វើឲ្យ លំបាករុករកឧទ្ធម្ភាគចក្រ នៅតំបន់ជួរភ្នំក្រវាញ

ភ្នំពេញ៖ រហូតមកដល់ថ្ងៃ១៨ កក្កដា នេះគឺជាថ្ងៃទី៦ហើយ នៃការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១២ កក្កដា ខណៈនៅថ្ងៃនេះ ដោយសារកក្តាអាកាសធាតុមានភ្លៀងធ្លាក់ បានធ្វើឲ្យកងកម្លាំងចម្រុះ មានភាពលំបាកក្នុងការរុករក។ នេះបើតាមការឲ្យដឹងពីលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ។

យោងតាមហ្វេសប៊ុករបស់លោក ឈុំ សុជាតិ នាថ្ងៃ១៨ កក្កដានេះបានឲ្យដឹងថា “បញ្ហាអាកាសធាតុបានបង្កការ លំបាកសម្រាប់ការរុករកឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទង នៅតំបន់ជួរភ្នំក្រវាញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ រហូតដល់ព្រឹកថ្ងៃទី១៨ ខែកក្កដានេះ នៅតំបន់នោះ ជាពិសេសចំណុចថ្មដា មេឃកំពុងភ្លៀងខ្លាំងនៅឡើយ ខណៈដែលមានទឹកជន់ជោរនៅតាមអូរ ស្ទឹងមួយចំនួន ដែលរំខានដល់ការរុករក”។

សូមជម្រាបថា រហូតដល់ថ្ងៃទី១៨ កក្កដានេះ មិនទាន់រកឃើញចំណែក ឬតម្រុយណាមួយពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រ និងមនុស្ស២នាក់បាត់ខ្លួនជាមួយ ឧទ្ធម្ភាគចក្រនេះនៅឡើយទេ។ យ៉ាងនេះក្តី ទោះបីជាមានឧបសគ្គ បង្កឡើងដោយសារកត្តាភូមិសាស្ត្រ អាកាសធាតុ និងទឹកជន់តាមដងអូរស្ទឹងក៏ដោយ ក៏កម្លាំងចម្រុះនៃកងយោធពលខេមរភូមិន្ទ នៅតែបន្តខិតខំស្វែងរក និងបានប្តេជ្ញាចិត្តខ្ពស់ក្នុងការរុករក ឲ្យឃើញក្នុងពេលឆាប់ៗខាងមុខ ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top