ភ្នំពេញ៖ កាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋានបានរកឃើញ សំបុកក្រពើភ្នំសរុបចំនួន៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមក។

បើតាមសេចក្ដីប្រកាសព័ត៌មានរួមនាថ្ងៃទី១៨ កក្កដា បានឲ្យដឹងថា សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និងសំណាក់សហគមន៍មូលដ្ឋាន។ ជាលទ្ធផលកូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៤។

ការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រកដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និងបានផ្តល់ជាក្តីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុងធម្មជាតិ។ គួរបញ្ជាក់ផងដែរថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួនប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង៣០០ក្បាល។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ក្រសួងបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានដែលក្នុងនោះយុទ្ធសាស្ត្រទី២-ភាពបៃតង- មុំទី២ អាទិភាពទី២ បានផ្តោតលើការការពារ និងអភិរក្សជីវចម្រុះ ហើយក្រសួងបរិស្ថានបាននិងកំពុងធ្វើការអភិរក្សនិងស្តារទីជម្រក របស់ក្រពើភ្នំដែលជាប្រភេទជិតផុតពូជបំផុតក្នុងធម្មជាតិ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម បានថ្លែងថា នេះជាជោគជ័យមួយថ្មីទៀតយ៉ាងសំខាន់ នៃកម្មវិធីគាំពារសត្វកម្រជិតផុតពូជដែលក្រសួងកសិកម្ម បានសហការជាមួយដៃគូ អង្គការក្រៅរដ្ឋាភិបាល ក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការជំរុញកំណើនសត្វកម្រដូចជា ក្រពើភ្នំ ផ្សោត និងសត្វអណ្តើកហ្លួងជាដើម។ ចំពោះសត្វក្រពើភ្នំនេះ រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មសហការជាមួយ អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានខិតខំជ្រើសរើស ពូជក្រពើភ្នំសុទ្ធមកបង្កាត់ហើយដាក់ចូកទៅក្នុងជម្រកធម្មជាតិវិញ ក្នុងដែនអភិរក្សបរិស្ថាន។ កិច្ចខិតខំប្រឹងប្រែងនេះ បានលេចចេញជាផ្លែផ្កាគួរជាទីមោទក ដោយសត្វក្រពើភ្នំអាចបន្តពូជដោយខ្លួនឯង ហើយបង្កើតជាសំបុក និង កូនជំនាន់ថ្មីក្នុងធម្មជាតិ។

ចំណែកលោក Pablo Sinovas នាយកប្រចាំប្រទេសនៃ អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា បានលើកឡើងថា អស់រយៈពេលជាងមួយទស្សវត្សរ៍មកហើយដែល អង្គការសត្វព្រៃនិងរុក្ខជាតិកម្ពុជា ជាមួយនឹងដៃគូ បានខិតខំប្រឹងប្រែងក្នុងបេសកកម្មក្នុងការជំរុញការកើនឡើងនៃចំនួនសត្វក្រពើភ្នំ នៅតំបន់ជួរភ្នំក្រវាញនៃកម្ពុជា។ លោកថា ការរកឃើញ សំបុកថ្មីៗនេះ សបញ្ជាក់ពីសារៈសំខាន់នៃការការពារតំបន់នេះ ដោយមានចំនួនក្រពើភ្នំតិចជាងពីរបីរយក្បាល នៅក្នុងធម្មជាតិ ក្រពើថ្មីចំនួន៦០ក្បាលដែលបានញាស់នេះ គឺជាកត្តាជំរុញយ៉ាងខ្លាំងនៃ ការកើនឡើងនៃចំនួនប្រភេទនេះ ខណៈជីវចម្រុះនៅតំបន់ដីសើមកំពុងបាត់បង់យ៉ាងឆាប់រហ័សនៅទូទាំងតំបន់ ការរកឃើញនេះគូសបញ្ជាក់អំពីសក្តានុពល សម្រាប់ការស្តារឡើងវិញនូវធម្មជាតិតាមរយៈកិច្ចខិតខំប្រឹងប្រែង អភិរក្សរួមគ្នាប្រកបដោយនិរន្តរភាព៕

