ភ្នំពេញ ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ខ្លួន ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣ ជាមួយនិងការជជែក វែកញែកលើសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាផងដែរ ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៣រួមមាន ៖ ១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២ , ២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងដីកាស្តីពីបទបញ្ជាផ្ទៃក្នុង របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ ដែលមានចំនួន១១ ជំពូក និង៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញ សម្រាប់រយៈពេល១២ខែរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ (ឆ្នាំទី១៖ ២០២៤-២០២៥) ។

ដោយឡែក ក្នុងសេចក្តីព្រាងដីកា ស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៤ដែលមានចំនួន១១ជំពូកនោះ ជំពូកទី១- អំពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សា , ២- របៀបរបបប្រជុំរបស់ក្រុមប្រឹក្សា , ៣- អំពីដីកានិងសេចក្តីសំរេចនានារបស់ក្រុមប្រឹក្សា , ៤- អំពីសិទ្ធិអំណាចនិងកាតព្វកិច្ច របស់ក្រុមប្រឹក្សានិង សមាជិកក្រុមប្រឹក្សា , ៥- អំពីគណៈកម្មាធិការបស់ក្រុមប្រឹក្សា , ៦- អំពីតួនាទី ភារកិច្ចនិងប្រសិទ្ធិ របស់គណៈអភិបាល និងនាយករដ្ឋបាល , ៧- អំពីកំណត់ហេតុនៃកិច្ចប្រជុំ , ៨- អំពីការខកខានមិនបានចូលរួមប្រជុំ , ៩- អំពីវិន័យ , ១០- អំពីការកែប្រែនិងផ្សព្វផ្សាយ និង១១- អំពីអវសានប្បញ្ញត្តិ ៕




