ភ្នំពេញ៖ សិក្ខាកាមកំពុងសិក្សាវេនយប់នៅក្នុង«កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» សប្បាយចិត្តចំពោះវគ្គបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានម៉ោងរៀនបត់បែនមិនថាយប់ថ្ងៃ ឬវេនចុងសប្តាហ៍នោះទេ។

សិក្ខាកាមវេនយប់ លោក ដេត ឧត្តម ដែលសិក្សាជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានលើកឡើងថា ការដែលរដ្ឋាភិបាលផ្តល់ម៉ោងរៀនដែលបត់បែនបែបនេះ គឹជាការគិតគូរដល់យុវជនព្រោះអាចជួយសម្រួលដល់អ្នកដែលរវល់ធ្វើការពេលថ្ងៃអាចមានពេលរៀនវេនយប់បាន។

កញ្ញាគូសបញ្ជាក់ថា៖ «ពេលថ្ងៃដល់ល្ងាចយើងអាចធ្វើការបានប្រាក់កម្រៃផ្គត់ផ្គង់ខ្លួនឯងខ្លះ ហើយល្ងាចអាចមករៀនជំនាញបច្ចេកទេសបន្ថែមទៀតដើម្បីយកជំនាញទៅពង្រីកក្នុងវិស័យការងាររបស់យើងបាន ហើយនៅក្នុងសាលា NTTI មានម៉ោងរៀនច្រើនទាំងវេនសៅរ៍អាទិត្យ យប់ថ្ងៃចំពោះវេនយប់ពិសេសសម្រាប់អ្នកដែលរវល់សិក្សាឬជាប់ធ្វើការអាចមករៀនវេនយប់បាន»។

លោកលើកឡើងថា៖ «ការដែលក្រសួង និងខាងសាលាចាត់ចែងពេលវេលាបែបនេះ ទី១គាត់យកចិត្តទុកដាក់ដល់យុវជនត្បិតថាយើងមករៀនអត់បង់លុយមែនតែយើងត្រូវការចាយវាយប្រចាំថ្ងៃនៅពេលដែលមានម៉ោងរៀនបត់បែនតាមពេលវេលាអ៊ីចឹង អ្នកដែលមានការរវល់ពេលថ្ងៃដូចជាខ្ញុំអាចធ្វើការផងហើយឆ្លៀតពេលមករៀនបានទៀត»។
ចំពោះកញ្ញា យ៉ង់ ប៊ៃ ជាសិក្ខាកាមវេនយប់ជំនាញក្រាហ្វិចកុំព្យូទ័រនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាល
បច្ចេកទេស (NTTI)បានបន្ថែមថាការសិក្សាម៉ោងវេនយប់នេះ គឺអាចមានពេលធ្វើការដើម្បីបានប្រាក់ចំណូល ហើយមានជំនាញថែមទៀតផង។

បន្ថែមពីលើនេះសិក្ខាកាមដែលរៀនវេនយប់ បានអំពាវនាវដល់យុវជនដទៃទៀត ដែលមិនទាន់មានជំនាញច្បាស់លាស់ ជាពិសេសអ្នកដែលជាប់រវល់ធ្វើការ ប្រកបរបររកស៊ី អាចមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនេះបានដោយសារវគ្គនេះមានម៉ោងរៀនសម្បូរបែប និងបត់បែនបានគ្រប់ពេល។

សូមបញ្ជាក់ថា វេននៅក្នុងវគ្គបណ្តុះបណ្តាល១,៥លាននាក់ មាន៧វេន រួមមាន ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ មានចំនួន៥វេន ដែលក្នុងនោះវេនពេញ១ថ្ងៃ ព្រឹកនិងល្ងាច ឬរៀនវេនព្រឹក១ពេល ពេលរសៀល១ពេល ឬវេនពេលល្ងាច ដែលក្នុងនោះ អាចបែងចែក ជា៣ម៉ោងពេលល្ងាច ឬ២ម៉ោងពេលល្ងាច។ ចំណែកវេនថ្ងៃសៅរ៍-អាទិត្យ ក្រសួងបានបែងចែកជា ២វេនបន្ថែមទៀត គឺវេនថ្ងៃសៅរ៍ អាទិត្យនិង វេនតែថ្ងៃអាទិត្យតែមួយ៕
