ព័ត៌មានជាតិ

សម្តេចធិបតី ៖ វិទ្យុមួយ ពូកែធ្វើមិនដឹង រហូតដល់រលាយខ្លួនហើយ នៅមិនដឹងទៀត

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីវិទ្យុមួយដែលតែងតែបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះមហាជនឲ្យមានកំហឹងនោះ ពូកែខាងធ្វើមិនដឹង រហូតរលាយខ្លួនហើយ នៅតែមិនដឹងទៀត ។ វិទ្យុដែលសម្តេចនាយករដ្ឋមន្រ្តីសំដៅដល់នោះ គឺវិទ្យុ VOD ព្រោះថ្មីៗនេះ មានការផ្ទុះឡើងវិញតាមរយៈវិទ្យុមួយនេះ ដែលផ្សាយអំពីរថយន្តអគ្គិសនី ដែលអះអាងថា រាជរដ្ឋាភិបាលអនុញ្ញាត ឲ្យមានចរាចរណ៍ រថយន្តអគ្គិសនីនាំចូលពីវៀតណាម ។ ករ​ណីនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមប្រតិកម្មផងដែរ ហើយសម្តេចផ្ទាល់ក៏បានចេញបញ្ជាក់ថា គ្មានរឿងនេះកើតឡើងទេ។

សព្វថ្ងៃនេះវិទ្យុ VOD ត្រូវបានផ្សាយចេញពីសហរដ្ឋអាមេរិក ក្រោយពីក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណ កាលពីដើមឆ្នាំ២០២៣ ដោយសារការផ្សព្វផ្សាយព័ត៌មានមិនពិត។

ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់សារមន្ទីរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម នាថ្ងៃ១៨ កក្កដា សម្ដេចធិបតីមានប្រសាសន៍ថា “រឿងដែលគេដឹងសោះ រឿងដែលខ្ញុំប្រកាសរួចហើយ មែនមិនដឹងទេ ពួកហ្នឹងអាមួយហ្នឹង វិទ្យុមួយហ្នឹងគេថា ពូកែ ធ្វើមិនដឹងរហូតដល់រលាយខ្លួនហើយ នៅមិនដឹងទៀត អារឿងហ្នឹងហើយ បានជាក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណនោះ ធ្វើមិនដឹងហើយ មិនព្រមកែខ្លួនគេប្រាប់ថារឿងពិតចេះ មិនព្រមកែទៀត ។ ឥឡូវទៅដល់នោះនៅតែចឹង បានន័យថា អាញ៉េអាញ៉ៃ នេះមិនមែនជាសិទ្ធិសេរីភាពទេ” ។

សម្តេចនាយករដ្ឋមន្ត្រីបន្ថែមថា “អ្នកខ្លះបញ្ចេញព័ត៌មានខុសតែម្តង ដោយចេតនាចង់កេងចំណេញនយោបាយ ឬមួយអីមួយ ដូចអានីសចឹង គេបញ្ចេញតាមនោះ គេឲ្យ២នាក់ ដើម្បីប្រមូលគ្នាបាតុកម្ម សួរមកពីណាមកពីVODចេញ ហើយព័ត៌មានពិត មិនពិត ព័ត៌មានមិនពិតទាំងអស់ ធ្វើមិនដឹងមិនលឺ” ។

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានអំពាវនាវប្រជាពលរដ្ឋ​ដែលប្រើប្រាស់ប្រព័ន្ធសង្គម ត្រូវប្រើប្រាស់ឲ្យមានការទទួលខុសត្រូវ ។

ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានលើកពីបញ្ហាការចែកចាយ ព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ ទាក់ទិននឹងទីងមោងនៅស្រុកស្អាង ដែលត្រូវបានគេចែកចាយថា អាជ្ញាធរ ហាមមិនឲ្យហែរទីងមោងទៀតនោះទេ ដែលបញ្ហានេះ ត្រូវបានលោក គួច ចំរើន អភិបាលខេត្តកណ្តាល ចេញមកបដិសេធ និងធ្វើការពន្យល់ភ្លាមៗ ទៅកាន់សាធារណៈផងដែរ ដោយមានការបកស្រាយភ្លាមៗ ពីសំណាក់លោកអភិបាលខេត្តហើយនោះ ទើបពលរដ្ឋជ្រាបច្បាស់ ហើយបញ្ហាទាំងនេះ បានថមថយមកវិញ ៕

To Top