ព័ត៌មានជាតិ

ប្រធានបក្សកាន់អំណាច បញ្ជាក់ជំហរ របស់កម្ពុជាចំពោះមិត្តចិន មិនផ្លាស់ប្តូរ ទោះមានការផ្លាស់ប្ដូរ នាយករដ្ឋមន្ត្រី

ភ្នំពេញ​ ៖ សម្ដេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ប្រាប់ពីគោលជំហររបស់កម្ពុជាជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ ទោះបីជាមានការផ្លាស់ប្ដូរ នាយករដ្ឋមន្ត្រីខ្មែរក៏ដោយ។

ក្នុងឱកាសអនុញ្ញាតឲ្យលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅថ្ងៃ១៨ កក្កដា សម្តេចតេជោ បានគូសបញ្ជាក់ពីសារៈសំខាន់ មិនអាចខ្វះបាននៃទំនុកចិត្ត និងការគោរពឲ្យតម្លៃគ្នា ទៅវិញទៅមក ក្នុងការវិវត្តនៃទំនាក់ទំនងរវាងកម្ពុជា-ចិន ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប ដើម្បីរួមគ្នាកសាងសហគមន៍ជោគវាសនារួម។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា កម្ពុជាបានរក្សាចំណងមិត្តភាពជាប្រពៃណីដ៏ល្អនេះ តាំងពីថ្នាក់ដឹកនាំជំនាន់មុន ហើយថ្នាក់ថ្នមថែរក្សាទំនាក់ទំនងនេះ ឲ្យមានភាពរឹងមាំជារៀងរហូតមក។ សម្ដេចតេជោបានចាត់ទុកថា ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ តម្រូវឲ្យប្រទេសទាំងពីរ នៅតែជាដៃគូដ៏ស្មោះត្រង់ ជាមួយគ្នា។

សម្ដេចបានរំលឹកថា ទស្សនកិច្ច របស់សម្ដេចទៅចិន នៅពេលផ្ទុះខ្លាំងជំងឺកូវីដ១៩ ជាការបង្ហាញពីសាមគ្គីភាព ចំពោះប្រជាជនកម្ពុជា ជាមួយប្រជាជនចិនក្នុងគ្រាដ៏លំបាក និងពីការលើកទឹកចិត្ត ចំពោះនិស្សិតកម្ពុជាដែលកំពុងស្នាក់នៅ និងបន្តការសិក្សានៅចិន។ ឆ្លៀតក្នុងឱកាសនេះ សម្ដេចតេជោ ក៏បានអរគុណដល់ចិន ដែលបានផ្ដល់នូវវ៉ាក់សាំងកូវីដ១៩ មកដល់កម្ពុជាជាបន្តបន្ទាប់។

សម្ដេចបានគូសបញ្ជាក់ថា «ក្នុងនាមជាប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចនឹង ស្ថិតនៅយូរអង្វែង ហើយបើ ទោះបីជាមានការផ្លាស់ប្ដូរ នាយករដ្ឋមន្ត្រីក៏ដោយ ក៏ជំហររបស់កម្ពុជា ជាមួយមិត្តចិន ពុំមានការផ្លាស់ប្ដូរនោះទេ»។

សម្តេចតេជោ បានស្នើមិត្តចិន បន្តការគាំទ្រកម្ពុជាទៀតលើការអភិវឌ្ឍគ្រប់វិស័យ​។ សម្តេចតេជោ ក៏បានរំលឹកពីជំហរ របស់កម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវ “នយោបាយចិនតែមួយ” ហើយចាត់ទុកបញ្ហាហុងកុង ចិនតៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាបញ្ហាផ្ទៃក្នុងរបស់ចិន៕

To Top