ភ្នំពេញ ៖ ចុងស្លាបមាន់ជាង ២តោន និងពោះវៀនជ្រូកជាង១តោនដែលបាននាំចូលពីប្រទេសហូឡង់ និងប្រទេសចិន ត្រូវបានមន្រ្តីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) សាខារាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជាចុះបង្ក្រាប និងដកហូតយកដុតកម្ទេចចោល នៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោ ។


ទំនិញទាំងនោះ រួមមាន៖ ចុងស្លាបមាន់ ទម្ងន់ ២,១៩០គីឡូក្រាម និងពោះវៀនជ្រូក ទម្ងន់ ១,០០៥គីឡូក្រាម (សរុប ៣,១៩៥គីឡូក្រាម) ដែលបាននាំចូលពីប្រទេសហូឡង់ និងប្រទេសចិន។

កាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ២០២៤ មន្រ្តីសាខាក.ប.ប រាជធានីភ្នំពេញ បានសហការជាមួយមន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា ចុះបង្ក្រាបផលិតផលសាច់បង្កក និងគ្រឿងក្នុងជ្រូក ប្រមាណជាង៣តោន ដែលជាទំនិញល្មើសនឹងសេចក្តីប្រកាសជូនដំណឹង ចេញដោយក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អំពីវិធានការហាមឃាត់ការនាំចូលជាបណ្ដោះអាសន្ននូវគ្រឿងក្នុងបង្កក និងបំណែកសាច់បង្កក ដើម្បីធ្វើការដុតកម្ទេចចោល និងចាត់វិធានការទៅតាមនីតិវិធី។


សូមបញ្ជាក់ថា បន្ទាប់ពីមន្ត្រីជំនាញបានពន្យល់ ណែនាំអំពីនីតិវិធី និងផលប៉ះពាល់នានារួចមក ម្ចាស់ទំនិញបានឯកភាពឲ្យដុតកម្ទេចចោល នូវផលិតផលសាច់បង្កក និងគ្រឿងក្នុងទាំងនោះ ដោយការដុតកម្ទេចចោលនេះ បានធ្វើឡើងនៅទីលានចាក់សំរាម ក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ៕
