ព័ត៌មានជាតិ

ក្រុមអ្នកឃ្លាំមើល សង្ឃឹមថា​ នឹងមានការរុះរើស្លាកផ្សព្វផ្សាយស្រាបៀរនៅទូទាំងប្រទេស

ភ្នំពេញ ៖ ក្រុមអ្នកឃ្លាំមើលបញ្ហាសង្គមបានបង្ហាញការសាទរចំពោះសកម្មភាពរបស់អាជ្ញាធរនៅខេត្តមួយចំនួន ក្រោយពីការឡើងកាន់តំណែង បានបញ្ជាឲ្យមានការរុះរើស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមដងផ្លូវសាធារណៈ ។

ជាមួយនឹងការសាទរ ក្រុមអ្នកឃ្លាំមើលសង្ឃឹមថា នឹងធ្វើការរុះរើនៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស ដោយជំនួសមកវិញនូវស្លាកអប់រំពីចរាចរណ៍ និងស្លាកអប់រំផ្សេងៗទៀត។

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៩ កក្កដាថា ការរុះរើនេះជាការល្អប្រសើរដែលអភិបាលខេត្តបានគិតគូអំពីចក្ខុវិស័យវែងឆ្ងាយ ក្នុងការពង្រឹងសន្តិសុខសហគមន៍ដែលគិតពីសុខមាលភាពសង្គម និងសាធារណៈ។

លោកថា “តាមរយៈការទំលាក់ស្លាកគ្រឿងស្រវឹងនេះ ជារឿងមួយសំខាន់ណាស់ដែលរឿងនេះ ក៏គួរធ្វើតាំងពីយូរមកហើយ តែរឿងនេះក៏មិនទាន់ហួសពេលដែរ ជារឿងមួយល្អ សង្ឃឹមថាផ្ទាំងផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងនេះ នឹងត្រូវបានរុះរើចេញនៅទូទាំងប្រទេស”។

លោក យង់ គិមអេង បានមើលឃើញពីផលដ៏អាក្រក់ចំពោះការដាក់ស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងដែលបានជះឥទ្ធិពលអវិជ្ជមាន និងពង្វក់ទៅដល់យុវជន-យុវវ័យឲ្យពួកគេញៀនប្រើប្រាស់គ្រឿងស្រវឹងរហូតភ្លេចការរៀនសូត្រក៏មានដែរ។

ការទំលាក់ស្លាកផ្សព្វផ្សាយគ្រឿងស្រវឹងនេះដែរ លោកយល់ថា នឹងជួយដោះស្រាយវិបត្តិសង្គមដ៏ធំនាពេលអនាគត ដោយបានផ្តល់ក្តីស្រម៉ៃថ្មីមួយទៀតទៅដល់យុវវ័យសម្រាប់កសាងជោគវាសនារបស់ខ្លួន ខណៈកន្លងមកយុវវ័យភាគច្រើនបានបង្ហាញក្តីស្រម៉ៃតាមរយៈផ្ទាំងផ្សាយពាណិជ្ជកម្មស្រាបៀរតាមដងផ្លូវថា ពួកគេនឹងត្រូវរង្វាន់ តែនៅពេលដោះស្លាកស្រាបៀរចេញនឹងផ្លាស់ប្តូរក្តីសុបិន្តពួកគេចេញវិញ ។

សម្រាប់លោក ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា​ និងអ្នកតាមដានកិច្ចការសង្គមវិញ ក៏មានទស្សនៈមិនខុសពីលោក យង់ គិមអេង ប៉ុន្មានដែរ ចំពោះអភិបាលខេត្តបញ្ជាឲ្យរុះរើស្លាកផ្សព្វផ្សាយស្រាបៀរចេញ ។ ដោយនេះបង្ហាញពីការទទួលខុសត្រូវនិងការយកចិត្តទុកដាក់របស់អភិបាលខេត្តក្នុងការកាត់បន្ថយចំណែកសេពគ្រឿងស្រវឹង , ធ្វើឲ្យតាមដងផ្លូវនានាមានសោភ័ណ្ឌស្រសបំព្រងឡើងវិញ , កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សា ការរំលោភបំពានផ្លូវភេទ បទល្មើសផ្សេងៗពីព្រោះមនុស្សនៅពេលស្រវឹងតែងតែគិតរឿងមិនល្អជាច្រើន និងការបន្ថយចំណាយផ្សេងៗ ។

លោកគូសបញ្ជាក់ថា “បើយើងមើលទៅវាមានផលប្រយោជន៍ច្រើន ពីការឲ្យសម្រេចរុះរើស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង” ។

លោកថា បើមានការដកស្លាកផ្សាយគ្រឿងស្រវឹងនៅទូទាំងប្រទេសទៀត រឹតតែជាការល្អប្រសើរ ហើយទាំងអភិបាលខេត្តចាស់ និងថ្មី ឬទើបមានការដោះដូរអភិបាលខេត្តគ្នានោះ នឹងយកគំរូដ៏ល្អពីគ្នាទៅវិញទៅមក លើការរុះរើស្លាកស្រាបៀរនេះ ដើម្បីជាប្រយោជន៍ដល់សុខភាពរបស់ពលរដ្ឋ។

គិតមកដល់ថ្ងៃ១៩ កក្កដានេះ មានខេត្ត៤ហើយ ត្រូវបានអភិបាលខេត្ត បន្ទាប់ពីមានការប្រកាសផ្លាស់ប្តូរអភិបាលខេត្តមួយចំនួនកាលពីចុងខែមិថុនា បញ្ជាឲ្យម្ចាស់ហាងដាក់ផ្ទាំងផ្សព្វផ្សាយគ្រឿងស្រវឹង និងមន្រ្តីក្រោមឱវាទ ត្រូវធ្វើការរុះរើដោយបានទុកឱសានវាទកំណត់ជាបន្តបន្ទាប់ ។ ខេត្តទាំង៤នោះរួមមាន ៖ ខេត្តតាកែវមុនគេ ដែលមានលោក វ៉ី សំណាង ឡើងមកគ្រប់គ្រងជំនួសលោក អ៊ូច ភា បន្ទាប់មកខេត្តកណ្តាល ខេត្តស្ទឹងត្រែង និងខេត្តកំពង់ចាម។

សូមបញ្ជាក់ថា កាលពីថ្ងៃ៨ កក្កដា​ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឲ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀងជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់កិច្ចព្រមព្រៀង ផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ៕

To Top