ភ្នំពេញ៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួល ការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ (គ.ស.អ.ស.ក) បានស្នើ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា ជួយគាំទ្រ ការសិក្សាពីលទ្ធភាព ដែលអាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្លូវការ សម្រាប់អាជីវកម្មក្រៅប្រព័ន្ធ ។
ការស្នើរបស់លោក លោក ហែម វណ្ណឌី នេះ ធ្វើឡើងក្នុងពេលចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំស្តីពី “ការជំរុញការអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ” នៅថ្ងៃ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅធនាគារជាតិ នៃកម្ពុជាអគារវត្តភ្នំ។

បើតាមធនាគារជាតិនៃកម្ពុជា កិច្ចប្រជុំនេះមានគោលបំណង ស្វែងយល់បន្ថែមពីវឌ្ឍនភាពការងាររបស់ ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមអនុវត្តយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកិច្ចសហការគាំទ្រ ការលើកកម្ពស់ការប្រើប្រាស់ សេវាធនាគារនិងហិរញ្ញវត្ថុផ្លូវការ ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្នុងកិច្ចប្រជុំនេះ លោក ហែម វណ្ណឌី បានថ្លែងថា ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនៅតែជាបញ្ហាប្រឈមសម្រាប់ម្ចាស់អាជីវកម្មក្រៅប្រព័ន្ធ ដោយសារកង្វះអនុលោមភាព។
លោក ហែម វណ្ណឌី បន្តថា គ.ស.អ.ស.ក កំពុងសហការជាមួយ នឹងភាគីពាក់ព័ន្ធផ្សេងៗទៀត ក្នុងការបង្កើតផ្លេតហ្វមឌីជីថលមួយ សម្រាប់ចុះឈ្មោះទទួលស្គាល់ អាជីវកម្មក្រៅប្រព័ន្ធ ដូច្នេះហើយលោករដ្ឋមន្រ្តី ក៏បានស្នើឱ្យមានការគាំទ្រពីធនាគារជាតិនៃកម្ពុជា ក្នុងការសិក្សាពីលទ្ធភាព ដែលអាជីវកម្មក្រៅប្រព័ន្ធ អាចទទួលបានហិរញ្ញប្បទាន ពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុផ្លូវការ នៅពេលដែលពួកគេត្រូវបានទទួលស្គាល់ ក្នុងផ្លេតហ្វមឌីជីថលនោះ។

ជាការឆ្លើយ តប លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្វាគមន៍ចំពោះការលើកឡើងនេះ និងគាំទ្រ ឱ្យមានការសិក្សាលម្អិត បន្ថែមទៀតពីមន្រ្តីជំនាញ ។
លោកស្រី ជា សិរី បានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា បានបំពេញការងារជាច្រើនស្របតាមយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធដូចជា ការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់ប្រជាពលរដ្ឋ តាមរយៈសកម្មភាពចុះដល់មូលដ្ឋាន ផ្សព្វផ្សាយជាសាធារណៈ និងបញ្ចូលមេរៀនហិរញ្ញវត្ថុ ទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅជាដើម។
បន្ថែមលើនេះ លោកស្រីថា ធនាគារជាតិនៃកម្ពុជាក៏បានលើកទឹកចិត្តឱ្យអាជីវកម្មក្រៅប្រព័ន្ធបើកគណនីសន្សំនិងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ អភិវឌ្ឍប្រព័ន្ធទូទាត់ដែលងាយស្រួល ចំណាយតិច និងមានប្រសិទ្ធភាព ព្រមទាំងបង្កើនការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ស្រ្តីផងដែរ។

ជាមួយគ្នានោះ លោក ហែម វណ្ណឌី បានសាទរចំពោះវឌ្ឍនភាព ការងាររបស់ធនាគារជាតិនៃកម្ពុជា ដែលបានវិវឌ្ឍល្អ ស្របតាមយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ៕
