ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានប្រកាសផ្ដល់ការគាំទ្រ ពេញទំហឹងដល់ លោក Kyaw Soe Min ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ក្នុងការជួយសម្រួលដល់ការ បំពេញបេសកកម្មការទូត ។

ការប្រកាសរបស់ប្រមុខការទូតខ្មែរបែបនេះ ធ្វើឡើងនាថ្ងៃទី១៨ ខែកក្កដា ក្នុងឱកាសអនុញ្ញាតឲ្យលោក Kyaw Soe Min ចូលជួបសម្តែងការគួរសម ។
ក្នុងជំនួបនោះដែរ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានអបអរសាទរចំពោះលោក Kyaw Soe Min ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត មីយ៉ាន់ម៉ាប្រចាំកម្ពុជា ។

ជាមួយគ្នានោះ លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូត បានសម្តែងការពេញចិត្ត យ៉ាងជ្រាលជ្រៅ ចំពោះការរីកចម្រើន នៃចំណងមិត្តភាពដ៏យូរអង្វែង និង បានឯកភាពគ្នាថា ប្រទេសទាំងពីរគួរសហការគ្នា ប្រារឰខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត នៅឆ្នាំក្រោយ ៕
