ព័ត៌មានជាតិ

លោក សយ សុភាព ៖ លោក ង្វៀន ភូទ្រុង បានផ្តល់ភាពយុត្តិធម៌និងគោរពដឹងគុណ ចំពោះកម្ពុជា

ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមបុគ្គលឯកជនជាជនជាតិខ្មែរម្នាក់ បានសរសេរសារ នៅលើគណនីហ្វេសប៊ុក ចូលរួមរំលែកទុក្ខ ជូនដល់ប្រជាជនស្នេហាជាតិវៀតណាម ចំពោះមរណៈភាព លោក ង្វៀន ភូទ្រុង អគ្គលេខាធិការគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ។

ជាមួយសាររំលែកទុក្ខនេះ លោក សយ សុភាព ក៏បានរំលឹកផងដែរថា លោក ង្វៀន ភូទ្រុង កាលពីឆ្នាំ២០១៩កន្លងទៅ នៅពេលលោកកាន់តំណែងជាអគ្គលេខាធិការបក្សផងនិងប្រធានាធិបតីវៀតណាមផង គឺលោក ង្វៀន ភូទ្រុង បានផ្តល់ភាពយុត្តិធម៌ និងគោរពដឹងគុណ ចំពោះអ្នកដឹកនាំកំពូលៗ នៃប្រទេសកម្ពុជានិងប្រជាជនកម្ពុជា ដែលបានជួយវៀតណាមរំដោះប្រទេសភាគខាងត្បូង នៅថ្ងៃ ៣០ មេសា ១៩៧៥ ហើយវៀតណាមបានបង្រួបបង្រួមប្រទេស ឱ្យឯកភាពជាតិ រហូតដល់សព្វថ្ងៃ។

ខាងក្រោមនេះគឺជាសារទាំងស្រុងរបស់លោក សយ សុភាព៖

«ក្នុងនាមបុគ្គលឯកជនជាជនជាតិខ្មែរ ខ្ញុំសូមគោរពនិងចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំជាមួយ ប្រជាជនស្នេហាជាតិវៀតណាម ចំពោះមរណៈភាពឯកឧត្តម ង្វៀន ភូទ្រុង អគ្គលេខាដ៏គួរឱ្យគោរព។

ឯកឧត្តមគឺជាមេដឹកនាំ ដ៏មានអំណាចនិងឥទ្ធិពល នៃប្រទេសវៀតណាម បានផ្តល់ភាពយុត្តិធម៌និងគោរពដឹងគុណ ចំពោះអ្នកដឹកនាំកំពូលៗ នៃប្រទេសកម្ពុជានិងប្រជាជនកម្ពុជា ដែលបានជួយវៀតណាមរំដោះប្រទេសភាគខាងត្បូង នៅថ្ងៃ ៣០ មេសា ១៩៧៥ ហើយវៀតណាមបានបង្រួបបង្រួមប្រទេស ឱ្យឯកភាពជាតិ រហូតដល់សព្វថ្ងៃ។

ឯកឧត្តម បានអញ្ជើញផ្ទាល់មកដល់ ព្រះមរមរាជវាំងចតុម្មុខមង្គល វិមានសន្តិភាព នៅពេលឯកឧត្តម ជាអគ្គលេខាបក្សផងនិងជាប្រធានាធិតីផង។

កាយវិការបស់ឯកឧត្តម ដ៏គួរជាទីគោរព ក្នុងនាមបុគ្គលខ្ញុំជាកូនខ្មែរជំនាន់ក្រោយ សូមលើកហត្ថបួងសួងសូមវិញ្ញក្ខន្ធ ឯកឧត្តម បានអញ្ជើញទៅឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

ខ្ញុំក្នុងនាមបុគ្គលជាជនជាតិខ្មែរចងចាំជានិច្ច ដែលកងទ័ពស្មគ្រចិត្ត វៀតណាម ប្រជាជនវៀតណាម បានជួយរំដោះខ្ញុំនិងក្រុមគ្រួសារចេញពី របបកាប់សម្លាប់ខ្មែរក្រហម នៅថ្ងៃ៧ មករា ១៩៧៩ ជាមួយរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា ដែលមានថ្នាក់ដឹកនាំពូលៗ របស់ខ្ញុំសព្វថ្ងៃកំពុងបន្តដឹកនាំ ប្រទេសកម្ពុជា។

ឧត្តមគតិរបស់ខ្ញុំចងចាំជារៀងរហូត ចំពោះភាពយុត្តិធម៌ ជាប្រវត្តិសាស្រ្ត របស់ឯកឧត្តម។

គួរពុំគួរសូមប្រជាជនវៀតណាម ជាទីសេ្នហាអនុគ្រោះទោស»។

To Top