ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា និងចិនតែងតែជួយគាំទ្រគ្នា គ្រប់កាលៈទេសៈ ហើយគោរពស្រលាញ់ គ្នាទៅវិញទៅមក រួមសុខរួមទុក្ខជាមួយគ្នា បង្កើតបានជាគម្រូមួយនៃទំនាក់ទំនងអន្តរជាតិ។
ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជានៅល្ងាចថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ លោក Wang Wenbin បានមានប្រសាសន៍ថា ទំនាក់ទំនងដ៏ល្អ រវាងកម្ពុជា និងចិនបាននាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជននៃប្រទេសយើងទាំងពីរ។
លោក បញ្ជាក់ថា៖«ប្រទេសកម្ពុជាជាមិត្តល្អ មិត្តភក្តិពិតប្រាកដរបស់ចិន ហើយចិននឹងបន្តជួយកម្ពុជាបន្ថែមទៀតដើម្បីជំរុញឱ្យទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែរឹងមាំមួយកម្រិតថែមទៀត។»
លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្នុងរយៈពេល៦៦ឆ្នាំកន្លងមកនេះ ទំនាក់ទំនងការទូតនៃប្រទេសកម្ពុជាចិន មានការរីកចម្រើន និងទទួលបានផ្លែផ្កាជាបន្តបន្ទាប់។ ចិនជាដៃគូវិនិយោគអន្តរជាតិធំជាងគេនៅកម្ពុជា។ ចិនបានជួយកម្ពុជាលើវិស័យពាណិជ្ជកម្ម វប្បធម៌ ដឹកជញ្ជូន អប់រំជាដើម។
លោកបញ្ជាក់ថា៖«ក្នុងនាមមិត្តដែកថែបកម្ពុជាបន្តប្រកាន់ភ្ជាប់នូវគោលនយោបាយចិនតែមួយ ព្រមទាំងគាំទ្រគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងគំនិតផ្តួចផ្តើមនានារបស់ចិនដែលផ្តល់ផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរនិងសកលលោក។»
លោក សុខ ឥសាន សមាជិកអចិន្ត្រៃយ៍ព្រឹទ្ធសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះដែរ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា ក្នុងរយៈពេល៦៦ឆ្នាំមកនេះ។
លោក បញ្ជាក់ថា៖« ទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន៦៦ឆ្នាំមកនេះ ត្រូវបានពង្រឹងពង្រីកឥតឈប់ឈរដោយថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ បានឈានដល់ចំណុចយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមិត្តដែកថែប រហូតក្លាយជាមិត្តមិត្តត្បូងពេជ្រថែមទៀត។ ទំនាក់ទំនងកម្ពុជាចិនមិនអាចមានអ្នកណាមកបំបែកបានឡើយ។ ក្រោមការជួយគាំទ្រពីមិត្តចិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើនដោយរក្សាបានកំណើនខ្ពស់ ក្នុងរយៈពេលចុងក្រោយនេះ ទោះបីជាយើងឆ្លងកាត់វិបត្តិកូវីដ១៩ និងវិបត្តិសកលលោកក៏ដោយ»។
ក្នុងឱកាសនោះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បង្ហាញការជឿជាក់ថា តាមរយៈទំនាក់ទំនងដ៏ល្អនេះ ថ្នាក់ដឹកនាំចិន ជាពិសេសឯកអគ្គរដ្ឋទូតចិនថ្មីនឹងជំរុញឱ្យភ្ញៀវទេសចរចិនមកលេងកម្ពុជាកាន់តែច្រើន។
លោកស្រីបន្ថែមថា៖ «កម្ពុជាចិន នឹងកាន់តែមានភាពស្និតស្នាលថែមទៀត ហើយខ្ញុំជឿជាក់ថា ភ្ញៀវទេសចរចិននិងមកកម្ពុជាច្រើនឡើងវិញដូចមុនជួបវិបត្តិកូវីដ១៩…សូមជូនពរឱ្យទំនាក់ទំនងប្រទេសយើងកាន់តែរឹងមាំ។»
គួររម្លឹកថា កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានរៀបចំ ពិធី ជប់លៀង ដើម្បីអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា និង ពិធីទទួលស្វាគមន៍ការមកដល់របស់លោក Wang Wenbin អគ្គរដ្ឋទូតចិនថ្មីប្រចាំនៅប្រទេសកម្ពុជា។
ពិធីនេះរៀបចំឡើង នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ,សម្តេចពិជ័យសេនា ទៀ បាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ , លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ , លោក Wang Wenbinឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ព្រមទាំង មានការចូលរួមពីថ្នាក់ដឹកនាំស្ថាប័ននីតិបញ្ញត្តិ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំបណ្តាក្រសួងស្ថាប័ននានា តំណាងសង្គមស៊ីវិល និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។
កម្ពុជា-ចិន បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ ដោយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាមួយនឹងថ្នាក់ដឹកនាំរបស់ប្រទេសចិនជំនាន់នោះ។ ហើយបន្តពូនជ្រំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបន្តវេនមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិនជំនាន់ក្រោយនេះ ដែលមានលោក ស៊ី ជីនពីង ជាប្រធានាធិបតីចិន ៕
ដោយ: វិទ្យុមិត្តភាព កម្ពុជា ចិន