ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានបើកវគ្គបណ្តុះបណ្តាល ជំនាញទន់ស្តីអំពី «ការទំនាក់ទំនង ការដោះស្រាយបញ្ហា និងការបំពេញការងារ ជាក្រុម» ដល់មន្រ្តីក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Centre) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ការបណ្តុះបណ្តាលនេះធ្វើឡើងនៅសាលប្រជុំជាន់ទី១៣ នៃអគារទីស្នាក់ការ ប.ស.ស. នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ (ក្រុមទី១) និងនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ (ក្រុមទី២) ពីម៉ោង៨:០0នាទី ដល់ម៉ោង ៥:00 រសៀល ក្រោមអធិបតីភាព លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាប្រធាន ក្រុមការងារ ឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងសេវាសាធារណៈ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអនុប្រធានក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធ នឹងសេវាសាធារណៈ។

លោក កត្តា អ៊ន បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាល ជំនាញទន់ដល់ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មាន ពាក់ព័ន្ធនឹងសេវាសាធារណៈ(Call Center) ក្នុងគោលបំណងដើម្បីបង្កើន សមត្ថភាពដល់មន្រ្ដី Call Center ក្នុងការផ្តល់សេវាសាធារណៈ ជូនសាធារណជន។

លោករដ្ឋលេខាបន្តថា ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធ នឹង សេវាសាធារណៈ នៃក្រសួងការងារ ត្រូវធ្វើការឱ្យបានសកម្ម និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបមតិយោបល់ សំណួរ និងបញ្ហារបស់សាធារណជន បានទាន់ពេលវេលា និងឆាប់រហ័ស។ លើសពីនេះផងដែរក្រុមការងារត្រូវអនុវត្តភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានកិច្ចសហការយ៉ាងល្អ ជាមួយអង្គភាពពាក់ព័ន្ធ ដើម្បីឆ្លើយតបបញ្ហា សំណូមពរ និងសំណួររបស់បងប្អូន ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។

លោករដ្ឋលេខាធិការបញ្ជាក់សារឡើងវិញថា ក្រុមការងារ រង់ចាំទទួលការហៅទូរសព្ទ ចូលរបស់សាធារណជន ២៤ម៉ោងលើ២៤ម៉ោង និង ៧ថ្ងៃក្នុងមួយសប្តាហ៍ តាមរយៈប្រព័ន្ធទូរសព្ទ Hotline ទាំងពីរខ្សែគឺ ១២៨៦ និង១២៩៧ ដែលរួមមាន លើសេវាបញ្ជិកានិងភាគទាន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស), សេវាពាក់ព័ន្ធវិស័យការងារ, កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស(TVET 1.5M), វិវាទការងារ, មុខរបរ និងការងារ(NEA), តាវកាលិក ប.ស.ស, សេវាមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស, ប្រាក់ឧត្ថម្ភរាជរដ្ឋាភិបាល រួមនិងសេវាផ្សេងៗទៀតរបស់ក្រសួង។

ទន្ទឹមនឹងនេះ លោក កត្តា អ៊ន ក៏បានអំពាវនាវ ដល់សាធារណជន ក្នុងករណី មានចម្ងល់ ឬតម្រូវការអ្វីមួយ សូមធ្វើការ ទាក់ទង មកកាន់ក្រុមការងារ ដែលនេះជាកិច្ចសហការរវាងក្រុមការងារ និងសាធារណជន ក្នុងកិច្ចការបម្រើសេវា សាធារណៈ។ លើសពីនេះទៀត លោកក៏លើកទឹកចិត្ត ដល់មន្ត្រី បុគ្គលិកនៃក្រុមការងារ បន្តអនុវត្តតួនាទីភារកិច្ច របស់ខ្លួនធ្វើយ៉ាងណា បម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋឱ្យបាន រហ័ស ច្បាស់លាស់ និងពេញចិត្ត៕

