ភ្នំពេញ៖ ក្រុមការងារផ្នែកអភិរក្ស និងជួសជុលសំណង់ ព្រះវិហារបុរាណ នៃនាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ របស់អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារ ជួសជុលទាំងស្រុង នូវសំណង់ព្រះវិហារបុរាណមួយ នៅបរិវេណវត្តព្រះឥន្ទកោសីយ៍ ។ នេះបើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា ។

លោក ស៊ឹម ប៊ុនធឿន អនុប្រធាន នាយកដ្ឋានគ្រប់គ្រងដីធ្លី បេតិកភណ្ឌក្រុង និងសហគមន៍ សំណង់ព្រះវិហារបុរាណ នៅវត្តព្រះឥន្ទកោសីយ៍ ដែលបានបញ្ចប់ ការជួសជុលទាំងស្រុងហើយនៅពាក់កណ្ដាលខែ កក្កដានេះ បន្ទាប់ពីចាប់ផ្តើម ពីដើមឆ្នាំ២០២៤មក ។ លោកបន្តថា ព្រះវិហារ ដែលមានរាងតូច ច្រឡឹងមួយនេះ ខូចខាតខ្លាំងនៅផ្នែកដំបូល ដែលពេលជួសជុល ត្រូវប្រើសម្ភារថ្មីច្រើន តែជាសម្ភារដូចរបស់ដើម ចំណែកផ្នែកផ្សេងទៀត ដែលមានការខូចខាត ស្ថិតក្នុងកម្រិត នៃការជួសជុលបាន ហើយក្រុមការងារ របស់អាជ្ញាធរជាតិអប្សរា បានជួសជុល និងអភិរក្សឡើងវិញ ដោយរក្សា នូវទម្រង់ដើមទាំងស្រុង ។

ចំពោះគុណតម្លៃនៃសំណង់ព្រះវិហារខាងលើនេះ លោក ស៊ឹម ប៊ុនធឿន ពន្យល់ថា វាមានតម្លៃមិនអាចកាត់ថ្លៃបាន។ ជាគុណតម្លៃរួម សំណង់វិហារនេះបានបង្ហាញពីប្រវត្តិសាស្រ្ត និងសិល្បៈដ៏យូរលង់របស់ខ្មែរដែលមានអាយុជិត១០០ឆ្នាំ ហើយដែលបុព្វការីជនអ្នកមានជំនឿ ក្នុងព្រះពុទ្ធសាសនានៅពេលនោះ មានសទ្ធាសាងសង់ព្រះវិហារនេះឡើង ដើម្បីទុកជាមរតក សម្រាប់អ្នកជំនាន់ក្រោយថែរក្សា ។ ចំណែកតម្លៃជារូបរាងវិញ ព្រះវិហារនេះសង់លើខឿនខ្ពស់ពីដីបន្តិច មានរាងតូចត្រឡឹង មិនធំពេក និងមិនតូចពេក ងាយស្រួលការគោរព និងថែទាំអភិរក្ស ។ សម្រាប់លោក ស៊ឹម ប៊ុនធឿន សំណង់នេះបង្ហាញ ពីស្ថាបត្យកម្ម ជំនាន់នោះដែលគិតគូរ វែងឆ្ងាយទៅអនាគត បើសំណង់ខ្ពស់ពេក ធ្វើឱ្យបាត់បង់សោភ័ណភាព នៅផ្នែកណាមួយមិនខាន។

ជាអ្នកស្រឡាញ់ និងអភិរក្សសំណង់បុរាណមួយរូប លោក ស៊ឹម ប៊ុនធឿន ស្នើឱ្យតាមវត្តអារាមទាំងអស់ ត្រូវចូលរួមថែរក្សាព្រះវិហារបុរាណ កុំព្យាយាមរុះរើសំណង់ចាស់ចោល សង់សំណង់ថ្មី ព្រោះសំណង់ទាំងបង្ហាញពីប្រវត្តិ សិល្បៈ និងវប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរទាំងមូល។

គ្រូសូត្រឆ្វេងវត្តព្រះឥន្ទកោសីយ៍ ព្រះអង្គ សន វាសនា មានសង្ឃដីការថ្លែងអំណរគុណ ដល់ក្រុមការងារ អាជ្ញាធរជាតិអប្សរា ដែលខិតខំជួសជុលព្រះវិហារ បុរាណខាងលើ បានជោគជ័យជាស្ថាពរ ។ ព្រះអង្គក៏បានផ្តាំផ្ញើទៅពុទ្ធបរិស័ទ និងព្រះសង្ឃទាំងអស់ក្នុងវត្ត ដែលមានវិហារចាស់ៗ ឬថ្មីៗ សូមជួយអភិរក្ស ថែរក្សាជារឿយៗ ដើម្បីបង្ការកុំឱ្យសំណង់ ទាំងនោះខូចខាតខ្លាំង ។ សម្រាប់ព្រះអង្គ សន វាសនា ព្រះវិហារ ជាចំណុចសំខាន់ ឬជាបេះដូងនៃទីសក្ការៈបូជា របស់សាសនា ហើយព្រះអង្គ សុំឱ្យព្រះសង្ឃទាំងអស់ កុំចង់បានរបស់ថ្មី ដោយវាយសំណង់ចាស់ចោលផ្ទុយទៅវិញសំណង់បុរាណ ទាំងនោះមានគុណតម្លៃ ផ្នែកបេតិកភណ្ឌជាតិជាច្រើន ៕


