ស្វាយរៀង ៖ លោក សម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង ព្រមទាំងក្រុមគ្រួសារ ,លោកប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត,លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ អាជ្ញាធរដែនដី ប្រជាពុទ្ធបរិស័ទនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញប្រគេនទៀន ព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសនៅ ចំនួន ៤វត្ត នៅស្រុកកំពង់រោទិ៍រួមមានវត្តឬស្សីសាញ់ វត្តមហាវ័នស្ថិតនៅក្នុងឃុំព្រៃធំ វត្តទួលអំពិល វត្តពោធិមង្គលនៅឃុំសំយ៉ោង ។
លោកសម តារា បានថ្លែងពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តស្វាយរៀងជូនដល់ព្រះសង្ឃ ពុទ្ធបរិស័ទ ដែលបានចូលរួម ក្នុងពិធីប្រគេនទៀនព្រះវស្សានេះផងដែរ។
ជាមួយគ្នានេះ លោកបានលើកឡើង អំពីកត្តាសុខសន្តិភាពបានធ្វើឲ្យប្រទេសជាតិយើង មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ របស់អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្ដេចតេជោហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំប្រទេស ដោយសម្ដេចធីបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានផ្តោតសំខាន់លើវិស័យ៥ជាអាទិភាពរួមមានទឹក ភ្លើង ផ្លូវ មនុស្ស និងបច្ចេកវិទ្យាឌីជីថល ។
បន្ថែមលើសពីនេះ លោកបានលើកឡើងថាកាលណាមនុស្ស យើងម្នាក់ៗ ប្រកាន់យកសុជីវធម៌ គុណធម៌ និងសីលធម៌ ក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃ នោះជីវិតយើងនិងប្រសើរឡើង ជាក់ជាពុំខានឡើយ និងមានតម្លៃពេញមួយជីវិត។
ឆ្លៀតនៅក្នុងឱកាសនោះ លោកក៏បានអំពាវនាវ ដល់ព្រះសង្ឃនៅគ្រប់វត្ត និងប្រជាពលរដ្ននៅ គ្រប់ទីកន្លែងសូមចូលរួមគ្រប់រូបភាព ក្នុងការគោះជួង ទូងស្គរ ព្រមៗគ្នានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្រាប់ថ្ងៃបើកការដ្ឋាន គម្រោង ព្រែកជីក ហ្វូណនតេជោ ខាងមុខនេះ តបតាមការអំពាវនាវរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្រោមគំនិតផ្តួចផ្តើមរបស់ គំនិតផ្តួចផ្តើមប្រកប ដោយ ចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុម ឧត្តមប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រ។
សូមបញ្ជាក់ថា ពិធីបុណ្យ “ចូលព្រះវស្សា” នឹងត្រូវប្រារព្ធធ្វើចាប់ពីថ្ងៃអាទិត្យ ១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ ក្នុង កំឡុងពិធីបុណ្យដែលមានរយៈពេល៣ខែនេះ ព្រះសង្ឃមិនចាក់ចេញពីវត្តអារាម ដើម្បីនិមន្ត បិណ្ឌបាត្រដូចពេលធម្មតាទេ។ ព្រះសង្ឃត្រូវគង់នៅក្នុងបរិវេណវត្តអារាម។ ទោះយ៉ាងណា ក៏ដោយព្រះសង្ឃអាចទទួលយកការអញ្ជើញនិមន្តរបស់អ្នកកាន់សាសនា និងធ្វើដំណើរ ចេញនៅពេលថ្ងៃ ប៉ុន្តែមិនអាចនិមន្តទៅទីឆ្ងាយដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ ។ ជាទូទៅ អ្នកកាន់ព្រះពុទ្ធសាសនា ថ្វាយទៀនវស្សា ជាទៀនធំ ដែលត្រូវបំភ្លឺពេញមួយថ្ងៃ និងយប់ ក្នុងឱកាសពិធីបុណ្យព្រមទាំង ប្រេង ស្បងចីពរ និងគ្រឿង ឧបភោគ បរិភោគផ្សេងៗ ដល់ ព្រះសង្ឃ។
ពិធីបុណ្យនេះដែរ ក៏មានជួបជុំពុទ្ធបរិស័ទនមស្សការព្រះរតនត្រ័យ និមន្តព្រះសង្ឃ ចម្រើន ព្រះបរិត្ត ដើម្បីឧទ្ទិសមហា កុសលផលបុណ្យ ជូនដល់ញ្ញាតិការទាំង ៧សណ្តាន និង បុព្វការីជនដែលបានចែកឋាន ទៅកានបរមលោកខាងមុខ មកទទួលយកផល្លាអានិសង្ឃ ដែលកើតចេញ អំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ។
ទេយ្យទានដែលលោក សម តារា និងលោកស្រី បានវេរ និងប្រគេនដល់ព្រះសង្ឃចំនួន ៤វត្ត នៅក្នុងថ្ងៃនេះរួមមាន៖ ទៀនព្រះវស្សាធំ១គូ, ទៀនតូចមួយ១គូ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យក្នុងមួយវត្ត ចំនួន៤០មុឺនរៀល និងចែកជូនពុទ្ធបរិស័ទ ដែលបានចូលរួមនូវថវិកាមួយចំនួន ដែលសរុបថវិកា នៅក្នុងកម្មវិធីចំនួន ២៥៥០ ដុល្លារផងដែរ ៕