ព័ត៌មានជាតិ

លោក ឃួង ស្រេង៖ ឃោសនិករបស់គណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវស្វែងយល់ និងឆ្លើយតបឱ្យទាន់ពេលចំពោះព័ត៌មាន ក្លែងក្លាយក្នុងបរិបទឌីជីថល

ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញបានលើកឡើងថាឃោសនិកបស់គណបក្សប្រជាជនកម្ពុជាគ្រប់រូបត្រូវស្វែងយល់ និងឆ្លើយតបឱ្យបានទាន់ពេលវេលា ចំពោះពត៌មានក្លែងក្លាយ ញុះញង់វាយប្រហាររាជរដ្ឋាភិបាលស្របច្បាប់និងវាយបកឱ្យទាន់ពេលវេលាចំពោះក្រុមជនអគតិដែលតែងតែចិញ្ចឹមចិត្តបំផ្លាញសេចក្តីសុខសាន្តរបស់ប្រជាជន និងដំណើរការអភិវឌ្ឍន៏របស់ប្រទេសជាតិ ពិសេសក្នុងបរិបទឌីជីថលនេះ។

ក្នុងពិធីបិទវគ្គអប់រំនយោបាយនៅមន្ទីរបក្សរាជធានីភ្នំពេញ ជំនាន់ទី៥៤ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ដែលមានសមាជិកសមាជិកាចូលរួមចំនួន ១៣៣នាក់ លោក ឃួង ស្រេង បានបញ្ជាក់ថា លោក លោកស្រី សុទ្ធតែជាឃោសនិករបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅ ពីគោលនយោបាយរបស់គណបក្ស ដែលជាកម្លាំងនយោបាយតែមួយគត់ ដែលតែងតែរួមសុខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈ។

លោក ឃួង ស្រេង ក៏បានក្រើនរំលឹកដល់សមាជិក សមាជិកាទាំងអស់ ត្រូវរំលេចពីវីរៈភាពដ៏មានតម្លៃគ្មាន២របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានយកជីវិតធ្វើដើមទុន ប្តូរយកសុខសន្តិភាព និងការអភិវឌ្ឍន៏ជូនជាតិ និងប្រជាជនគ្រប់ដំណាក់កាលនៃដំណើរការវិវឌ្ឍន៏រីកចំរើនរបស់ប្រទេសជាតិ។

ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបន្ថែមទៀតថា ពេលនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងបន្ត តាមលំអាននៃការរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៏ក្នុងនាមជាយុវជនជំនាន់ក្រោយ ដែលពោរពេញដោយភាពស្វាហាប់,មានចំណេះដឹង និងមានការប្តេជ្ញាចិត្តខ្ពស់តាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយបញ្ចកោណ ដែលជាត្រីវិស័យក្នុងការដឹកនាំអភិវឌ្ឍន៏។

លោក ឃួង ស្រេង បានរំលេចឱ្យឃើញ ពីការរីកចម្រើនក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក្នុងរយៈពេល៩ខែដើមអាណត្តិទី ៧កន្លងមកនេះ គឺទទួលបានការវិវឌ្ឍន៏រីកចម្រើនលើគ្រប់វិស័យ និងមានការសារទរជាអន្តរជាតិក៏ដូចក្នុងមជ្ឈដ្ឋានជាតិទាំងមូល៕

To Top