កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងជាប្រធានក្រុមការងារ ចុះជួយក្រុងកំពង់ចាម ជំរុញឲ្យអាជ្ញាធរក្រុងកំពង់ចាម បន្តការពារសន្តិសុខ សណ្ដាប់ធ្នាប់សារធារណៈឲ្យបានល្អ ដើម្បីជៀសវាង ការបង្កផលប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាស្របតាមការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។

លោកអភិបាលខេត្ត មានប្រសាសន៍ ណែនាំបែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបរបាយការណ៍ និងលទ្ធផល របស់ក្រុមការងារ ចុះជួយក្រុងកំពង់ចាម ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោក ជា សំណាង អនុប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នៅក្រុងកំពង់ចាម ។

លោកអភិបាលខេត្តបន្តថា កន្លងមកបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន ធ្វើឲ្យមានការភ័យខ្លាច និងប៉ះពាល់ដល់ការរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ ក្នុងក្រុងកំពង់ចាម ។ ដោយសារការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គណៈបញ្ជាការឯកភាពក្រុង បានសហការអប់រំ ណែនាំ និងបង្ក្រាបបានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា ។
ប៉ុន្តែយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត សូមឲ្យអាជ្ញាធរក្រុងបន្តពង្រឹងថែរក្សាបន្ថែមទៀត ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពកាន់តែល្អប្រសើរ ជូនដល់បងប្អូនប្រជាពលរដ្ឋ ទាំងការរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ៕
