ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ប្រកាន់ខ្ជាប់គោលគំនិតបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដើម្បីរួមចំណែកដល់ឧស្សាហកម្មបៃតងនៅកម្ពុជា

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានលើកទឹកចិត្តឱ្យក្រុមហ៊ុន វ័នរ៉ូដគ្រុប របស់ប្រទេសចិន បន្តប្រកាន់ខ្ជាប់នូវគោលគំនិតនៃការបង្កើតថ្មី និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពដើម្បីរួមចំណែកបន្ថែមទៀតដល់ឧស្សាហកម្មបៃតងរបស់ប្រទេសកម្ពុជា។

ការថ្លែងរបស់លោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាស អញ្ជើញជាអធិបតីសម្ពោធមជ្ឈមណ្ឌលតាំង
បង្ហាញរថយន្ត ZEEKR(ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប ស្ថិតតាមបណ្តោយផ្លូវព្រះមុនីវង្ស រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ។

លោករដ្ឋមន្ត្រី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយានយន្តអគ្គិសនី២០២៤-២០៣០ ដើម្បីជំរុញគាំទ្រការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនៅកម្ពុជា និងការប្រើប្រាស់រថយន្តអគ្គិសនី ព្រមទាំងទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនក្នុងវិស័យនេះ។

លោកបានបញ្ជាក់ថា យោងតាមតួលេខរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការចុះបញ្ជីយានយន្តអគ្គិសនី មានការកើនឡើងជារៀងរាល់ថ្ងៃដោយគិតមកដល់ពេលនេះ ការចុះបញ្ជីផ្លូវការមានចំនួនសរុបជិត ៣ ០០០ គ្រឿង។ បើតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបានទទួលគម្រោងវិនិយោគចំនួន ១៩០គម្រោង ដោយមានទុនវិនិយោគសរុបប្រមាណ ៣.២ពាន់លានដុល្លារ និងអាចបង្កើតការងារជិត ១៧ម៉ឺនកន្លែង។

ជាមួយគ្នានោះដែរ លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងអនុវត្តន៍ «យុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេលវែង ប្រកបដោយអព្យាក្រឹត្យកាបូន» ដើម្បីការកាត់បន្ថយការបញ្ចេញឧស្ម័នពីវិស័យថាមពល ការដឹកជញ្ជូន ការលើកកម្ពស់ប្រសិទ្ធភាពថាមពល និងចូលរួមបង្កើនការងារបន្ថែមប្រមាណ ៤៤៩ ០០០កន្លែងនៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី ថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន វ័នរ៉ូដគ្រុប ដែលបានបោះជំហានដ៏សំខាន់មួយទៀតនៅក្នុងទីផ្សាររថយន្ត នៅក្នុងប្រទេសកម្ពុជា។ជាមួយនឹងការរីកចម្រើនឥតឈប់ឈរនៃបច្ចេកវិទ្យាសកល ឧស្សាហកម្មរថយន្តក៏កំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ជាពិសេសរថយន្តដែលប្រើបច្ចេកវិទ្យាឆ្លាតវៃ និងប្រើប្រាស់ថាមពលថ្មី ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់
ជាទូទៅជុំវិញពិភពលោក ក្នុងនោះក៏មានរថយន្ត ZEEKR (ហ្ស៊ីគ) នេះផងដែរ។

លោករដ្ឋមន្រ្តី ចាត់ទុករថយន្តនេះ មិនត្រឹមតែអាចកាត់បន្ថយការប្រើប្រាស់លើឥន្ធនៈហ្វូស៊ីល និងកាត់បន្ថយការបំភាយឧស្ម័នកាបូនប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាក៏រួមចំណែកនៅក្នុងការពង្រីកមធ្យោបាយធ្វើដំណើរបៃតងនៅកម្ពុជា និងពិភពលោកផងដែរ។

លោករដ្ឋមន្រ្តីជឿជាក់ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗនឹងពិចារណាប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR(ហ្ស៊ីគ)នេះ ។

តាមរយៈការសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញ របស់ ZEEKR (ហ្ស៊ីគ)អូតូ នៅកម្ពុជានាពេលនេះលោក រដ្ឋមន្ត្រីបានបន្ថែមថាការមកដល់របស់ ZEEKR (ហ្ស៊ីគ) នឹងធ្វើឱ្យទីផ្សាររថយន្តថ្មីនៅកម្ពុជាកាន់តែមានភាពសម្បូរបែបនិងចូលរួមជំរុញការអភិវឌ្ឍវិស័យរថយន្តថាមពលថ្មីឱ្យកាន់តែរីកចម្រើនខ្លាំងឡើង រួមទាំងផ្តល់ឱ្យប្រជាជនកម្ពុជានូវជម្រើសថ្មីៗ និងប្រកបដោយភាពទំនើបក្នុងការធ្វើដំណើរ។

បើតាមការបញ្ជាក់របស់ លោក Kevin Luo នាយកប្រតិបត្តិ និងជាស្ថានិកក្រុមហ៊ុន Oneroad Group (Cambodia)
Co., Ltd. បានឱ្យដឹងថា ZEEKR (ហ្ស៊ីគ) គឺជាម៉ាកយីហោថ្មីមួយ ការរចនាបទរបស់ ZEEKR គឺជាការប្រើបច្ចេកវិទ្យាថ្មីចុងក្រោយគេបង្អស់ប្រកបដោយភាពច្នៃប្រឌិត ដើម្បីបង្កើតបទពិសោធន៍ជីវិតក្នុងការធ្វើដំណើរ និងបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងយុគសម័យថ្មីសម្រាប់ការធ្វើដំណើរដ៏ប្រណីត ។

លោកបន្តថា ចាប់តាំងពីការបង្កើតម៉ាកនេះក្នុងឆ្នាំ២០២១ ក្រុមហ៊ុនបានបើកដំណើរការចំនួន ៥ ម៉ូឌែល ហើយមកដល់ពេលនេះ បរិមាណចែកចាយទូទាំងពិភពលោករបស់ក្រុមហ៊ុនមានជាង ២៨ម៉ឺនគ្រឿង ដែលបង្កើតកំណត់ត្រាសម្រាប់ការចែកចាយលឿនបំផុត នៃម៉ាករថយន្តអគ្គិសនីរបស់ប្រទេសចិន ។

សូមជម្រាបជូនថា នៅសប្តាហ៍មុន ZEEKR ត្រូវបានចាប់ផ្តើមលក់ចែកចាយជាផ្លូវការនៅក្នុងប្រទេសថៃ ឡាវ មីយ៉ាន់ម៉ា និងហ្វីលីពីន ហើយពាក់កណ្តាលឆ្នាំនេះ ត្រូវបានដាក់លក់នៅក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងវៀតណាម ៕

To Top