ភ្នំពេញ៖ រថយន្តអគ្គិសនី សេរីទំនើបជាច្រើនម៉ូដែល របស់ក្រុមហ៊ុន Great Wall Motor (GWM) និងរថយន្តអាគុយថ្មី ZEEKR (ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប នៃប្រទេសចិន បានលេចវត្តមាន នៅក្នុងប្រទេសកម្ពុជា ដែលមានតម្លៃសមរម្យ។

ការលេចវត្តមាននេះ ធ្វើឡើងក្នុងពិធីសម្ពោធបើកដំណើរការ មជ្ឈមណ្ឌលតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន Great Wall Motor (GWM) និងរថយន្តអាគុយថ្មី ZEEKR (ហ្ស៊ីគ) របស់ក្រុមហ៊ុនវ័នរ៉ូដគ្រុប នៃប្រទេសចិន ដែលមានទីតាំងនៅបណ្តោយមហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថានាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើនឡើងៗ នឹងពិចារណាប្តូរមកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដែលចំណុចនេះរាជរដ្ឋាភិបាលបានកំពុងតែយកចិត្តទុកដាក់ក្នុងការការពារ បរិស្ថាន និងលើកទឹកចិត្តឲ្យប្រើប្រាស់ បច្ចេកវិទ្យាទំនើបដែលមានគុណភាព។លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«ខ្ញុំជឿជាក់ថា នាពេលអនាគត ប្រជាជនកម្ពុជាកាន់តែច្រើ នឡើងៗនឹងពិចារណាប្តូរ មកប្រើប្រាស់រថយន្តអគ្គិសនី និងចូលរួមថែរក្សាបរិស្ថានដូចជារថយន្ត ZEEKR(ហ្ស៊ីគ)នេះ ។រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះការការ ពារបរិស្ថាន គំនិតច្នៃប្រឌិតថ្មីៗនិងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បី ផលិតផលិតផលមានគុណភាពខ្ពស់ ផ្តល់ឱ្យប្រជាជននូវជម្រើសមធ្យោបាយធ្វើដំណើរប្រកបដោយ ភាពឆ្លាតវៃ និងបែបផែនបៃតង»។


លោករដ្ឋមន្ត្រីក៏បានអរគុណ ចំពោះការនាំយកយានជំនិះប្រើប្រាស់ថាមពលអគ្គិសនីថ្មីទាំងនេះ មកកាន់ប្រទេសកម្ពុជា ហើយសូមអរគុណ ដល់ក្រុមហ៊ុន វ័នរ៉ូដ គ្រុប សម្រាប់ការសម្រេចចិត្ត និងមានទំនុកចិត្តលើការវិនិយោគរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។ បើតាមតួលេខរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឆមាសទី១ ឆ្នាំ២០២៤ យើងបានទទួលគម្រោងវិនិយោគចំនួន១៩០គម្រោង ដោយមានទុនវិនិយោគសរុបប្រមាណ ៣.២ពាន់លានដុល្លារ និងអាចបង្កើតការងារជិត១៧ម៉ឺនកន្លែង។



លោកស្រី Chen Lingjun នាយកផ្នែកគ្រប់គ្រង ZEEKER ប្រចាំប្រទេសក្នុងតំបន់អាស៊ានបានលើក ពីប្រភេទរថយន្តZEEKR(ហ្ស៊ីគ) 001 មិនត្រឹមតែជារថយន្តអគ្គិសនី ដែលមានសមត្ថភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍ធ្វើដំណើរដ៏ឆ្លាតវៃ និងជារថយន្តស្ព័រដ៏ល្អមួយផងដែរ។ ចំណែកឯ រថយន្ត ZEEKR (ហ្ស៊ីគ)009 គឺជាប្រភេទរថយន្ត MPV អគ្គិសនីដំបូងគេ បង្អស់របស់ពិភពលោក ដែលតំណាងឱ្យរបកគំហើញថ្មី នៅក្នុងឧស្សាហកម្មរថយន្ត ក្នុងវិស័យនេះ។

លោកស្រីបានបន្តថា មកដល់ពេលនេះបរិមាណចែកចាយ ទូទាំងពិភពលោករបស់ក្រុមហ៊ុន មានចំនួនជាង ២៨០ ០០០គ្រឿង ដែលបង្កើតបានកំណត់ត្រា សម្រាប់ការចែកចាយលឿនបំផុត នៃម៉ាករថយន្តអគ្គិសនី របស់ប្រទេសចិន។


លោកស្រី Chen Lingjun បានឲ្យដឹងថាក្នុងរយៈពេលពាក់កណ្តាលឆ្នាំនេះ ZEEKER បាននាំរថយន្តចូលទីផ្សារប្រទេសឡាវ មីយ៉ាន់ម៉ា និង ហ្វីលីពីន ហើយសម្រាប់ពាក់កណ្តាលឆ្នាំ ទៅមុខនេះបាននាំចូលក្នុងប្រទេសកម្ពុជា សិង្ហបុរី ម៉ាឡេស៉ី ឥណ្ឌូនេស៊ី និងវៀតណាម៕





