ភ្នំពេញ ៖ ក្នុងគោលបំណង ទប់ស្កាត់និងប្រយុទ្ធប្រឆាំង ជាមួយព័ត៌មានក្លែងក្លាយ ដែលកំពុងបំពុលសង្គម លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានផ្តល់គន្លឹះមួយចំនួន ដល់យុវជនក៏ដូចជាមហាជនទូទៅ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា មុននឹងជឿព័ត៌មានណាមួយ ។

ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថាស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តបាត់ដំបង នាពេលថ្មីៗនេះ។
នាឱកាសនោះ អ្នកនាំពាក្យរាជរដ្ឋាភិបាល កត់សម្គាល់ថា សព្វថ្ងៃនេះ មានព័ត៌មានក្លែងក្លាយ ឬព័ត៌មានបំផ្លើសបំភ្លៃ ខុសពីការពិត ជាច្រើនត្រូវបានផ្សព្វផ្សាយ នៅលើបណ្តាញសង្គមដែលធ្វើឱ្យប្រជាពលរដ្ឋ ឬយុវជនមួយចំនួនភាន់ច្រឡំ។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បន្ដថា ដូច្នេះ ជាការចាំបាច់ណាស់ ដែលប្រជាពលរដ្ឋ ឬយុវជនត្រូវមានមូលដ្ឋាន ក្នុងការពិចារណាឬផ្ទៀងផ្ទាត់ ដើម្បីឱ្យដឹងថាព័ត៌មានណាពិត ឬក្លែងក្លាយ ៕
