កំពង់ស្ពឺ៖ អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ លោក យឹម ណន បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះថាគោក្របីរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ នៃស្រុកឱរ៉ាល់កំពុងផ្ទុះជំងឺ មិនស្គាល់អត្តសញ្ញាណ មន្ត្រីពេទ្យសត្វកំពុងចុះអន្តរាគមន៍បន្ទាន់ និងកំពុងបូមឈាមយកមកពិសោធន៍។
លោក យឹម ណន បាននិយាយថា ក្រុមមន្ត្រីជំនាញនៃការិយាល័យផលិតកម្ម និងបសុព្យាបាលបាន និងកំពុងយកចិត្តទុកដាក់លើគោក្របីពលរដ្ឋនៅក្នុងស្រុកនេះ ដោយក្នុងនោះត្រូវចាក់បឋមដើម្បីទប់ស្កាត់ ខណៈលទ្ធផលពិសោធន៍នៃឡាបូក្រសួង នៅមិនទាន់បញ្ជាក់ពីរោគសញ្ញានេះនៅឡើយ។ ហើយនៅមុនឡាបូបញ្ជាក់លទ្ធផល មន្ត្រីបាននៅប្រចាំដើម្បីតាមដានពីអាការៈ រោគដែលកើតលើគោក្របីនេះ។

លោក បានបន្ថែមថា ចំពោះចំនួនគោក្របីដែលឈឺនៅមិនទាន់ដឹងពីចំនួនជាក់លាក់នៅឡើយ គ្រាដែលមន្ត្រីជំនាញកំពុងប្រាប់ឱ្យយកមកប្រមូលផ្តុំ។

តែក្នុងនោះលោកថា យោងតាមសម្តីពលរដ្ឋជាម្ចាស់គោបាននិយាយថា គោក្របីពួកគាត់ត្រូវបានដេញឱ្យទៅស៊ីឆ្ងាយពីភូមិរហូតដល់ជើងភ្នំដូចសព្វមួយដង តែនៅប៉ុន្មានថ្ងៃចុងក្រោយ ក៏ស្រាប់ផ្ទុះជំងឺនេះកើតឡើងដែលមិនធ្លាប់មានពីមុនមក ហើយក្នុងនោះ គោក្របីពួកគាត់ក៏បានបាត់ខ្លួនខ្លះដែរ ដែលសង្ស័យថាអាចនឹងងាប់នៅក្នុងព្រៃដោយជំងឺចម្លែកនេះ។

នៅក្នុងហេតុការណ៍នេះ អនុប្រធានក្តាប់រួមនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺលោក យឹម ណន បានប្រាប់បងប្អូនប្រជាពលរដ្ឋជាម្ចាស់គោ ក្របី ឱ្យរក្សាទុកគោ ក្របីដែលឈឺនោះនៅមួយឡែកសិន ហើយរងចាំលទ្ធផលនៃការវិភាគដើម្បីមន្ត្រីជំនាញមានមូលដ្ឋានក្នុងការព្យាបាល។
ជាមួយគ្នានោះលោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានគោ ក្របីឈឺ ត្រូវរាយការណ៍បន្ទាន់មកមន្ត្រីជំនាញពេទ្យសត្វភូមិ ឃុំ និងមន្ទីរកសិកម្មខេត្ត ដើម្បីឱ្យមន្ត្រីជំនាញមានលទ្ធភាពជួយអន្តរាគមន៍ទាន់ពេល ហើយក្នុងករណីបន្ទាន់ត្រូវទាក់ទងមកលេខទូរស័ព្ទ 093 403 403៕
ដោយ:សុខ សុភ័ណ្ឌ
