ព័ត៌មានជាតិ

សម្ដេចធិបតី ស្នើឲ្យអនុវត្តគោលការណ៍ថ្មី របស់ធនាគារជាតិ ដើម្បីកុំឲ្យមានបញ្ហាការ ចាយក្រដាសប្រាក់ដុល្លារ មានសភាពចាស់ ឬប្រឡាក់

ភ្នំពេញ ៖ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា សម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានស្នើគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមអនុវត្ត នូវគោលការណ៍ថ្មី របស់ធនាគារជាតិ នៃកម្ពុជា ឲ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហា ពាក់ព័ន្ធនឹងការចាយ ក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់ ជាបន្តទៀត ។

ការលើកឡើងរបស់ សម្ដេច​ធិបតី​ បន្ទាប់ពីធនាគារជាតិនៃកម្ពុជា ចេញសេចក្តីប្រកាសពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ដោយសម្រេចមានយន្តការបន្ទាន់ចំនួន៤ និងយន្តការបន្តទៀត។

តាមរយៈគេហទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២១ កក្កដា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះ លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ ពាក់ព័ន្ធនឹងការសម្រួលលក្ខ័ណ្ឌ សម្រាប់ការចាយក្រដាស់ ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប»។

សម្ដេចធិបតី បន្ដថា បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាក សម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នក លក់ដូរប្រាប់ សម្ដេច ផ្ទាល់ ពេលដែល សម្ដេច ចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។

សម្ដេចធិបតី សង្ឃឹមថា ចំណាត់ការ របស់ធនាគារជាតិនៃកម្ពុជា នឹងលប់បំបាត់បញ្ហា លំបាកពាក់ព័ន្ធ នឹងការចាយក្រដាស ប្រាក់ដុល្លារអាមេរិក និងជួយសម្រួល ដល់ការលក់ដូរ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ ដែលទស្សនាខេត្ត សៀមរាបផងដែរ ។

សម្ដេច នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា «ខ្ញុំសូមឱ្យសាខាធនាគារជាតិ នៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារ ឯកជនទាំងអស់ នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និង បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរទាំងអស់ នៅក្នុងខេត្ត ចូលរួមអនុវត្ត នូវគោលការណ៍ថ្មី របស់ធនាគារជាតិ នៃកម្ពុជាឲ្យបានស្រុះគ្នា ដើម្បីកុំឲ្យមានបញ្ហាពាក់ព័ន្ធ នឹងការចាយក្រដាស ប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត» ៕

To Top