ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល អមដំណើរដោយប្រតិភូក្រសួងសុខាភិបាលលោកឡុង ធាម ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃ២០ កក្កដា បានអញ្ជើញ ចុះពិនិត្យ ស្ថានភាព និងវឌ្ឍនភាពសុខាភិបាល នៅមូលដ្ឋានសុខាភិបាលមួយចំនួន ដូចជា មណ្ឌលសុខភាពស្លារ មណ្ឌលសុខភាពមេមត់ មន្ទីរពេទ្យ បង្អែកមេមត់ និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ និងបានជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ។

ឆ្លៀតក្នុងឱកាសពិធីសំណេះសំណាល សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍គន្លឹះសំខាន់ៗមួយចំនួន សម្រាប់ការអនុវត្តការងារឲ្យកាន់តែប្រសើរថែមទៀត។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនដល់មន្រ្តីសុខាភិបាល ខេត្តត្បូងឃ្មុំ ចំពោះការខិតខំផ្តល់សេវាជូនប្រជាពលរដ្ឋ ជាពិសេសក្នុងអំឡុងពេល នៃការរាតត្បាតនៃជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីក៏លើកទឹកចិត្តដល់មន្រ្តីសុខាភិបាល ខេត្តត្បូងឃ្មុំទាំងអស់ បន្តខិតខំបន្ថែមទៀត ទាំងការផ្តល់សេវារដ្ឋបាល ជាពិសេសផ្នែកបច្ចេកទេស ដែលក្នុងនោះ ត្រូវខិតខំពង្រឹងសមត្ថភាព បង្កើនសមត្ថភាព តាមរយៈការបណ្តុះបណ្តាល ជាប់ជាប្រចាំ ជាពិសេសពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ដោយធានាឲ្យ បានការបម្រើ និងផ្តល់ជូន សេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ តាំងពីមណ្ឌលសុខភាព រហូតដល់មន្ទីរពេទ្យបង្អែកខេត្ត។

ជាមួយគ្នានេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍ គន្លឹះចំនួន១០ ចំណុច សម្រាប់ការអនុវត្តការងារ ឲ្យបានកាន់តែប្រសើរ ជាមួយនឹងនិរន្តរភាព សំដៅជាលទ្ធផលឈរលើគុណតម្លៃចម្បងទាំង៤ សុវត្ថិភាព ប្រសិទ្ធភាព គុណភាព និងការទទួលយកបានដោយពេញចិត្ត ដូចខាងក្រោម៖

១) យកចិត្តទុកដាក់លើការងារអនាម័យ និងសោភណ្ឌភាពក្នុងទីតាំងផ្តល់សេវាថែទាំព្យាបាល ដែលជាផ្នែកសំខាន់មិនអាចខ្វះបាន ចូលរួមជាមួយប្រសិទ្ធភាពនៃការព្បាល ឆាប់បានជាសះស្បើយ។
២) បំពេញតម្រូវការ ទាំងបរិមាណ និងពិសេសគុណភាព ជាបន្តបន្ទាប់ លើសម្ភារៈបរិក្ខា ឱសថ។
៣) ពិនិត្យស្វែង យល់ពីសមត្ថភាពបុគ្គលិករបស់ខ្លួន អំពីចំនុចខ្លាំង និងចំនុចដែលត្រូវបំពេញ និងនាំមានការ បណ្តុះបណ្តាលជាប់ជាប្រចាំ ទៀងទាត់ ទាំងក្នុងអង្គភាព ទាំងអន្តរអង្គភាព ទាំងក្នុងខេត្តខ្លួន និងអន្តរខេត្ត រហូតមកដល់ថ្នាក់ជាតិ។
៤) ខិតខំកត់ត្រាពត៌មានអ្នកជំងឺអោយបានគ្រប់ជ្រុងជ្រោយ និងថែរក្សា ឯកសារទាំងអស់អោយបានល្អ គង់វង្ស។
៥) បន្តបង្កើនការយកចិត្តទុកដាក់ និងតាមដានជាប់ជាប្រចាំគ្រោះថ្នាក់នៃការឆ្លងរោគ ក្នុងទីតាំងថែទាំព្យាបាល តាមរយះរយះវិធានការបង្ការរោគ ដូចជាវិធានលាងសម្អាតដៃ ជាដើម។
៦) ត្រៀមបន្ទាន់ជាលក្ខណៈបច្ចេកទេស និងធនធានមនុស្ស ជួយប្រជាពលរដ្ឋពេលមានគ្រោះអាសន្នបន្ទាន់ៗ ទោះក្នុងកាលៈទេសៈណាក៏ដោយ។
៧) ផ្តល់ឱកាសទូលំទូលាយ ទទួលយកនូវពត៌មានត្រលប់ពីប្រជាពលរដ្ឋ បងប្អូនអ្នកជំងឺ និងអ្នកជំងឺ ការពេញចិត្តពេញថ្លើមរបស់គាត់ និងការផ្តល់ជាគំនិតស្ថាបនា។
៨) បង្កើនសមត្ថភាពថែទាំសម្ភារៈបរិក្ខារ និងអគារថែទាំព្យាបាល អោយបានល្អ និងនៅរក្សាបានជាដំណើរការប្រកបដោយគុណភាព។
៩) រួមគ្នាគិតពិចារណា រិះរកមធ្យោបាយពង្រីកសេវាជាបន្តបន្ទាប់ ស្របតាមផែនទីបង្ហាញផ្លូវ នៃការគ្របដណ្តប់សុខភាពជាសាកល។
១០) បង្កើនជាប់ជាប្រចាំ និងកាន់តែខ្លាំងក្លា សកម្មភាពចុះអប់រំសុខភាព វិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងក្នុងសហគមន៍។

សូមជម្រាបថា រយៈពេល៣ថ្ងៃ នៃដំណើរបេសកកម្ម នៅខេត្តភាគឦសាននេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូក្រសួង សុខាភិបាល បានចុះពិនិត្យមូលដ្ឋាន សុខាភិបាល ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តត្បូងឃ្មុំ ដែលជាខេត្តចុងក្រោយ នៃដំណើរបេសកកម្មនេះ នៃខេត្តភូមិភាគឦសាន ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី វាយតម្លៃខ្ពស់ដល់ មន្រ្តីសុខាភិបាលនៅខេត្តទាំង៥ និង ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងមន្រ្តីសុខាភិបាលទាំងអស់ មានស្មារតីរួបរួមគ្នា ចេះជួយគ្នា ចេះសម្របសម្រួល ចេះកែសម្រួលគ្នា សាមគ្គីភាព គោរពវិន័យការងារ ក្រមសីលធម៌វិជ្ជាជីវៈ ដែលជាផលប្រយោជន៍រួមធានា ការបម្រើសេវាប្រកប ដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសមធម៌ ដើម្បីឈានទៅសម្រេចបាន នូវការគ្របដណ្តប់សុខភាពជាសកល៕









