ភ្នំពេញ ៖ ផ្តើមពីការអបអរសាទរដល់និស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសជប៉ុន និងប្រទេសអាល្លឺម៉ង់ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ បានគូសបញ្ជាក់ដល់ និស្សិតទាំងអស់ អំពីតម្លៃ និងភាពសំខាន់ ក្នុងនាមជាធនធានសក្តានុពល របស់កម្ពុជា ចំពោះការរួមដំណើរ ជាមួយរាជរដ្ឋាភិបាល ដើម្បីការសម្រេចចក្ខុវិស័យ២០២៥។

នាឱកាស នៃការទទួលជួបសំណេះសំណាល នៅព្រឹកថ្ងៃទី២២ កក្កដា លោកឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា «និស្សិតម្នាក់ៗ គឺជាផ្នែកមួយ ដែលមិនអាចខ្វះបានក្នុងការ ចូលរួមសម្រេចចក្ខុវិស័យ២០២៥ ហើយភាពជោគជ័យ របស់ទាំងអស់គ្នា មិនមែនដាច់ដោយឡែក ពីភាពជោគជ័យ នៃសង្គមជាតិឡើយ ព្រោះយើងទាំងអស់គ្នា មានការផ្សាភ្ជាប់អនាគត របស់យើងទៅនឹងអនាគតរបស់សង្គមកម្ពុជា»។

ទន្ទឹមនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងអាណត្តិទី៧ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយចាត់ទុកធនធានមនុស្សជាអាទិភាព និងការផ្តល់បរិយាកាស និងពង្រីកឱកាសជាបន្តបន្ទាប់ ជូនដល់មន្ត្រីរាជការ និងយុវជនជាសិស្សនិស្សិត ដើម្បីអភិវឌ្ឍចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមត្ថភាព និងសក្តានុពលរបស់ធនធានមនុស្សកម្ពុជា ហើយជឿជាក់ថា ប្រតិភូនិស្សិតកម្ពុជាគ្រប់ៗរូប នឹងខិតខំប្រឹងប្រែងក្នុងការសម្រេចជោគជ័យ ក្នុងការសិក្សា ហើយត្រលប់មកវិញរួមគ្នាប្រើប្រាស់សមត្ថភាព កម្លាំងរួម ក្នុងទិសដៅរួមតែមួយ ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ ៕
