ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដល់អនុសាសន៍២ចំណុច ដល់អង្គការសហប្រជាជាតិ

ភ្នំពេញ ៖ តាមរយៈលោក អាទល់ ការ៉េ (Atul KHARE) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ សម្ដេចតេជោ ហ៊ុន​ សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដល់អនុសាសន៍ ២ចំណុចទៅកាន់អង្គការសហប្រជាជាតិ។

អនុសាសន៍ទាំង២ចំណុចនោះមាន៖

ទី១. គប្បីយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការពិនិត្យជ្រើសរើស នាយទាហានជាមេបញ្ជាការនិងសេនាធិការ ដែលចាំបាច់ត្រូវតែជានាយទាហានមានជំនាញ និងសមត្ថភាព ជាយុទ្ធសាស្រ្ត ក្នុងការដាកពង្រាយកម្លាំងទ័ព ដែលជួយគាំទ្រ ឲ្យមានប្រសិទ្ធភាពខ្ពស់ ។

ទី២. បង្កើនការយកចិត្តទុកដាក់ ចំពោះកងកម្លាំងរក្សាសន្តិភាព នៅប្រទេសលីបង់ ទោះបីជាស្ថានភាពសង្រ្គាម ក្នុងប្រទេសលីបង់ មានភាពស្ងប់ស្ងាត់ក៏ដោយ ដើម្បីមានវិធានការណ៍ជួយអន្តរាគមន៍ និងឆ្លើយតបទាន់ពេលវេលា ។

ជាការឆ្លើយតប លោក Atul KHARE បានថ្លែងអំណរគុណ ចំពោះអនុសាសន៍ របស់សម្តេច និងពាំនាំអនុសាសន៍ទាំងអស់នោះ ទៅពិភាក្សាដោយយកចិត្តទុកដាក់ នៅ អ.ស.ប.។

ការផ្ដល់អនុសាសន៍របស់សម្តេចនេះ បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឲ្យលោក អាទល់ ការ៉េ អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ (អ.ស.ប.) ទទួលបន្ទុកផ្នែកគាំទ្រប្រតិបត្តិការ ចូលជួបសម្ដែងការគួរសមនៅថ្ងៃ២២ កក្កដា ៕

To Top