ព័ត៌មានជាតិ

ទូតស្រីលង្កាចប់អាណត្តិប្តេជ្ញាបន្តផ្សព្វផ្សាយ អំពីសក្ដានុពលកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសចូលជួបជម្រាបលា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយបញ្ចប់បេសកកម្មក្នុងអាណត្តិរបស់ខ្លួន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ លោកស្រី Colonne Appuhamilage Chaminda Inoka Colonne ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានប្តេជ្ញាក្នុងការបន្តជួយផ្សព្វផ្សាយ អំពីសក្ដានុពលកម្ពុជា ដ​ល់ប្រជាជនស្រីលង្កា។

ក្នុងជំនួបជម្រាបលានេះ លោកស្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស្រីលង្កា ប្រចាំកម្ពុជា បានជម្រាបជូនសម្ដេចធិបតី អំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា ដែលបានរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងផ្លូវការ។

លោកស្រីឯកអគ្គរដ្ឋទូតស្រីលង្កា ក៏បានប្តេជ្ញា ក្នុងការបន្តជួយផ្សព្វផ្សាយ អំពីសក្ដានុពលកម្ពុជាដល់ប្រជាជនស្រីលង្កា។

ជាការឆ្លើយតប សម្ដេចធិបតី បានវាយតម្លៃខ្ពស់​ ចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់លោកស្រី ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការកម្ពុជា-ស្រីលង្កា។

សម្ដេចធិបតីបានបញ្ជាក់ថា ប្រទេសទាំងពីរនៅមានលទ្ធភាពជាច្រើនទៀត​ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ចនិងពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ ជាដើម ។

សម្តេចធិបតីបានបញ្ជាក់បន្ថែមថា ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតថ្មី ស្រីលង្កាប្រចាំកម្ពុជា៕

To Top