ព័ត៌មានជាតិ

ដំណើរការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា

ភ្នំពេញ ៖ ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាព លើបញ្ជីបោះឆ្នោត ឆ្នាំ២០២៤ នឹងត្រូវចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប ស្តីពីការបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដើម្បីត្រៀមសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ។

ប្រភពដដែលបន្តថា «ក្នុងនោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ទូទាំងប្រទេស មានរយៈពេល ១៦ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងឱកាសធ្វើជាអធិបតី ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះនិង ការចុះឈ្មោះបោះឆ្នោតលើកនេះ គឺអនុវត្តតាមក្របខណ្ឌច្បាប់ និងបច្ចេកទេសដូចនឹងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំមុនដែរ។ ប៉ុន្តែខុសប្លែកត្រង់ថានឹងបន្តចុះឈ្មោះបោះឆ្នោតថ្មី ចំពោះប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឬអ្នកដែលកើតមុន ឬត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៦ ។

ជាមួយគ្នានោះ ក៏ដូចជាអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតពីមុនមក និងអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចូលក្នុងឃុំ សង្កាត់ រួមទាំងការកែតម្រូវឈ្មោះ និងទិន្នន័យផ្សេងៗដែលកត់ត្រាមិនបានត្រឹមត្រូវ តាមឯកសារដែលសាមីខ្លួនប្រើប្រាស់ពេលចុះឈ្មោះបោះឆ្នោតកន្លងមក ឬការធ្វើបច្ចុប្បន្នភាពឯកសារចុះឈ្មោះបោះឆ្នោត តាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប្រភេទថ្មីមានសុពលភាព ដែលគាត់ទើបទទួលបាន ឬធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រដូចជារូបថត ឬស្នាមម្រាមដៃជាដើម។

លោកបន្ថែមថា ទន្ទឹមនេះ គ.ជ.ប ក៏ត្រូវសម្អាតបញ្ជីបោះឆ្នោត តាមរយៈការលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ដោយផ្អែកតាមឯកសារសំអាងត្រឹមត្រូវ និងច្បាស់លាស់ ចំពោះអ្នកបោះ-ឆ្នោតដែលបានទទួលមរណភាព ឬត្រូវបានដកហូតជាបណ្តោះអាសន្ននូវសិទ្ធិបោះឆ្នោត ឬអ្នកដែលបានផ្លាស់លំនៅឋាន ឬទីសំណាក់ចេញទៅឃុំ សង្កាត់ផ្សេងផងដែរ។

ដោយឡែក ពាក់ព័ន្ធនឹង ការបើកវគ្គបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពគ្រូបង្ហាត់ និងមន្រ្តី គ.ជ.ប ដើម្បីត្រៀមសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ បោះឆ្នោត លោក ទេព នីថា បានថ្លែងថា នៅរៀងរាល់ដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ គ.ជ.ប តែងតែយកចិត្តទុកដាក់ លើការងារកសាង និងពង្រឹងសមត្ថភាពមន្រ្តីបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។

លោកបន្ថែមថា វគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវបានរៀបចំជាពិសេសជូនដល់គ្រូបង្ហាត់ គ.ជ.ប និងមន្រ្តី គ.ជ.ប ដែលមានភារកិច្ចត្រូវអនុវត្តការងារ និងផ្តល់ការបណ្តុះបណ្តាលបន្តនៅតាមរាជធានី ខេត្ត នាពេលខាងមុខ ដើម្បីត្រៀមចូលរួមនិង សហការអនុវត្តតាមភារកិច្ចរៀងៗខ្លួន សំដៅជំរុញ និងធានាឱ្យដំណើរការពិនិត្យ បញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៤ ទទួលបានជោគជ័យ គោរពតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៥ថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ដោយមានសិក្ខាកាម ចូលរួមសរុបចំនួន៦០នាក់៕

To Top