ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា សម្ដេច មិនឆ្លើយតបឡើយ ចំពោះអ្នកផ្ញើសារមក សម្ដេច សុំអន្ដរាគមន៍ ដើម្បីទទួលបានតួនាទីអ្វីមួយ ក្នុងស្ថាប័នរដ្ឋ។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខណ្ឌ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។
នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ទោះបី សម្ដេចតេជោ ជាឪពុក របស់នាយករដ្ឋមន្ត្រីកម្ពុជាប៉ុន្តែ សម្ដេច មិនលូកលាន់លើកិច្ចការរបស់នាយករដ្ឋមន្ត្រីឡើយ។
សម្ដេចតេជោ មានប្រសាសន៍រំលឹកថា «ខ្ញុំថា បើឲ្យខ្ញុំ ធ្វើនាយករដ្ឋមន្ដ្រី សូមកុំលូកលាន់កិច្ចការរបស់ខ្ញុំ រាប់ទាំងការចរចារាប់ទាំងដំណេះស្រាយនយោបាយ លើកិច្ចព្រមព្រៀមទីក្រុងបារីស អំណាចចរចានៅលើខ្ញុំ ទាំងអស់ ហើយអាចទុកថា ជានាយករដ្ឋមន្ដ្រីមានអំណាចបំផុត នៅពេលកម្ពុជា មាននាយករដ្ឋមន្ដ្រី ៣៨ឆ្នាំ គឺជានាយករដ្ឋមន្ដ្រី ដែលយូរជាងគេ ហើយក៏មានអំណាចច្រើនជាងគេដែរ។
សម្ដេចតេជោ អះអាងថា នៅពេលធ្វើជានាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ធ្លាប់បានហាមមិនឲ្យជនណាម្នាក់លូកលាន់ចូលកិច្ចការ នាយករដ្ឋមន្ត្រី ដឹកនាំប្រទេសកម្ពុជាឡើយ ដូច្នេះពេល សម្ដេច ចុះចេញពីតំណែង នាយករដ្ឋមន្ត្រី មកធ្វើជាប្រធានព្រឹទ្ធសភាសម្ដេច ក៏មិនលូកលាន់ចូលកិច្ចការនាយករដ្ឋមន្ត្រី ថ្មីដូចគ្នា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឥឡូវនេះ ខ្ញុំ ក៏ត្រូវធ្វើតាមរបៀបហ្នឹងដែរ គឺអំណាចនេះនៅ នាយករដ្ឋមន្ដ្រី សព្វថ្ងៃដោយខ្ញុំមិនលូកលាន់កិច្ចរបស់គេទេ ហើយសូមបងប្អូនទាំងឡាយ ដែលវាយសារមកខ្ញុំ តាមតេឡេក្រាម ថា សូមលោកពុកជួយនេះជួយឲ្យខ្ញុំ បានធ្វើនោះ អត់ទេ ខ្ញុំអត់ឆ្លើយទេ ខ្ញុំមិនឆ្លើយតែម្ដង សូមកុំសុំមកខ្ញុំ ខ្ញុំអត់មានត្រូវការ អន្ដរាគមន៍ទេ សមត្ថកិច្ចស្ថាប័នតែងតាំងធ្វើយ៉ាងណា ធ្វើយ៉ាងហ្នឹងទៅ»៕