ព័ត៌មានជាតិ

កងពលតូចលេខ៧០ ចេញញត្តិគាំទ្រ សារពិសេសសម្តេចតេជោ ស្តីពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ CLV និងថ្កោលទោសជន ដែលញុះញង់ និងបំភ្លៃការពិត

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ហែម ថា មេបញ្ជាការកងពលតូចលេខ៧០ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់បានប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ពាក់ព័ន្ធ នឹង កិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ហើយថ្កោលទោសចំពោះជនណា ដែលញុះញង់ និងបំភ្លៃការពិតថា កិច្ចសហប្រតិបត្តិការនេះធ្វើឱ្យបាត់បង់ទឹកដី។

កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម គឺជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមាន សម្តេចតេជោជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជំរុញ សមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-​វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ គិតមកដល់ឆ្នាំ២០២៤នេះ កិច្ចប្រជុំក្រោមក្របខណ្ឌនៃ តំបន់ត្រីកោណអភិវឌ្ឍន៍នេះ បានធ្វើឡើងចំនួន១១លើករួចមកហើយ ដោយមានការប្តូរវេនគ្នា ធ្វើជាប្រធានរវាងប្រទេសទាំងបី ហើយឆ្នាំ២០២៤នេះ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល CLV លើកទី១២។

គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ ក្នុងការលើក កម្ពស់ការគោរព និងការជឿទុកចិត្តគ្នា ទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ ។ មិនតែប៉ុណ្ណោះ គម្រោងនេះ ជាការតភ្ជាប់ដែលនាំមក នូវការបង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យ ទេសចរណ៍ ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។

តាមរយៈកិច្ចសហប្រតិ​បត្តិការនេះ ប្រទេសទាំង៣ បានសហការគ្នាយ៉ាងជិតស្និទ្ធ និង មានប្រសិទ្ធភាព ក្នុងការឆ្លើយតប ទៅនឹង ការគំរាមកំហែង ផ្នែកសន្តិសុខមិនមែនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខសុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម ។

កងពលតូចលេខ៧០ បានបញ្ជាក់ថា “យើងខ្ញុំទាំងអស់គ្នា សូមប្រកាសថ្កោលទោស និងប្រឆាំងដាច់អហង្ការ ចំពោះការញុះញង់ បង្កចលាចល សំដៅបំផ្លាញសមិទ្ធផល និងដំណើរការអភិវឌ្ឍនៃតំបន់ត្រីកោណអភិវឌ្ឍន៍ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ សូមបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់ ការអនុវត្តកម្មវិធី និងគម្រោងអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម ដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន”៕

To Top