ព័ត៌មានជាតិ

ឯកឧត្តម ប្រាំង ជលសា ចេញញត្តិគាំទ្រសារពិសេស សម្តេចតេជោ ហ៊ុន សែន អំពីកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម

ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និយោជិត កម្មករ នៃអគ្គិសនីកម្ពុជា ទាំងអស់ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្កោលទោសជនដែលបំភ្លៃការពិត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់ទៅកាន់ជនទាំងឡាយណា ដែលបានបំភ្លៃការពិតទាក់ទិននឹងរឿងកិច្ចសហប្រតិបត្តិការ​ អភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា-ឡាវ និងវៀតណាម ដែលហៅកាត់ថា CLV ប្រសិនបើនៅក្នុងស្រុកត្រូវប្រឈមនឹងច្បាប់ជាធរមាន ខណៈអ្នកដែលបំភ្លៃពីក្រៅប្រទេសវិញ សម្តេចតេជោ ស្នើដល់រាជរដ្ឋាភិបាល ឱ្យសិក្សាស្រាវជ្រាវប្រវត្តិគ្រួសារ ដើម្បីចងក្រងទុកងាយស្រួលគ្រប់គ្រង។

ក្នុងឱកាសថ្លែងសារពិសេស​ ទាក់ទិននឹងកិច្ចព្រមព្រៀងត្រីកោណ CLV នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ បានរំលឹកដល់ជនទាំងឡាយណាដែលបានយករឿងនេះ មកបំភ្លៃការពិតដែលថារាជរដ្ឋាភិបាល កាត់ដី៤ខេត្តឱ្យវៀតណាម និងចោទថ្នាក់ដឹកនាំកម្ពុជា ជាជនក្បត់ជាតិ គឺមិនអាចអត់ឱនបានឡើយ ត្រូវតែប្រឈមមុខនឹងច្បាប់។

សម្តេចតេជោ មានប្រសាសន៍ថា “ក្នុងប៉ុន្មានថ្ងៃនេះ មានការមួលបង្កាច់ ដែលមិនអាចអត់ឱនបានទេ សម្រាប់ជនទាំងឡាយណាដែលបានមួលបង្កាច់ សភាពការណ៍នេះ រហូតដល់ចោទមេដឹកនាំកម្ពុជា ជាពិសេសខ្លួនខ្ញុំ ព្រះករុណាខ្ញុំ ក៏ដូចជានាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថាជាជនក្បត់ជាតិ ទាក់ទិននឹងការកាត់ដី៤ខេត្ត ទៅឱ្យវៀតណាម។ ការបំភ្លៃសភាពការណ៍នេះ អ្នកនៅក្នុងប្រទេសត្រូវប្រឈមមុខជាមួយច្បាប់អ្នកនៅក្រៅប្រទេស ដែលញុះញ៉ង់បង្កឱ្យមានរឿងនេះកើតឡើង អ្នកក៏ត្រូវតែដឹងថា ការញុះញង់និងការបំភ្លៃរបស់អ្នក បានបង្កឱ្យអ្នក
ខាងក្នុងជាប់គុក ហើយប្រសិនបើរឿងនេះកើតឡើង មានទៅដល់ការជាប់គុក ជាប់ច្រវ៉ាក់ សូមកុំបន្ធូបន្ថយឱ្យសោះ ព្រោះទង្វើដែលគេបានធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វាធ្ងន់ធ្ងរហួសកម្រិត”។

ជាមួយគ្នានេះ សម្តេចតេជោ សង្កត់ធ្ងន់ថា “ខ្ញុំសូមអំពាវនាវ ដល់រាជរដ្ឋាភិបាល តាមស្រាវជ្រាវប្រមូលឱ្យអស់ នូវក្រុមទាំងឡាយណា ដែលបង្កើតរឿងនេះ ហើយដែលស្ថិតនៅក្នុងប្រទេស និងចងក្រងសំណុំរឿងទាំងឡាយ នៃអ្នកបញ្ចេញពីក្រៅប្រទេស ហើយត្រូវសិក្សាអំពីប្រវត្តិគ្រួសារនៅកន្លែងណា បើវានៅក្រៅប្រទេស ដើម្បីយើងងាយស្រួលនៅក្នុងការគ្រប់គ្រង។ យើងត្រូវស្គាល់ប្រវត្តិរបស់ពួកគេ ងាយចងក្រង”៕

To Top