ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមកបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាល នឹងមិនផ្ដល់អាជ្ញាប័ណ្ណ អាជីវកម្មកាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបទេ លើកលែងតែតំបន់ដែលធ្លាប់ផ្ដល់ គោលការណ៍អនុញ្ញាតរួចហើយ គឺនៅតំបន់ភ្នំបូគោ និងនៅតំបន់ច្រកព្រំដែន ព្រែកចាក ។
ការលើកឡើងរបស់សម្តេចនេះ ដោយសារនៅតែមានការចោទសួរ លើការផ្តល់អាជ្ញាប័ណ្ណបើកកាស៊ីណូ។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី២៤កក្កដានេះ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា កាលពីថ្ងៃទី ៦ មិថុនា ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ កំពង់ផែទឹកជ្រៅនៅខេត្តកំពត គឺសម្តេវបានបញ្ជាក់ម្ដងហើយ ពាក់ព័ន្ធគោលការណ៍ នៃការផ្ដល់អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូ នៅខេត្តកំពត និងខេត្តកែប។
សម្តេចថា ជាមួយគ្នានេះ រាជរដ្ឋាភិបាល កាលពីថ្ងៃ ១១ មិថុនា ក៏បានចេញ សេចក្តីសម្រេច ស្ដីពីការកំណត់ទីតាំង នៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូ នៅខេត្តទាំង២នេះផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា “ដោយសារ នៅមានសំណួរ ពាក់ព័ន្ធនឹងបញ្ហានេះ ខ្ញុំសូមបញ្ជាក់សារជាថ្មីថា រាជរដ្ឋាភិបាលមិនផ្ដល់អាជ្ញាប័ណ្ណអាជីវកម្ម កាស៊ីណូ នៅក្នុងខេត្តកំពត និងខេត្តកែបទេ លើកលែងតែតំបន់ ដែលធ្លាប់ផ្ដល់គោល ការណ៍អនុញ្ញាតរួចហើយ គឺនៅតំបន់ភ្នំបូគោ និងនៅតំបន់ច្រកព្រំដែនព្រែកចាក”៕
