ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង (ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូរ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ គឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួននាមុននេះបន្តិច លោក ផន រឹម បានបញ្ជាក់ថា ដំណើរការបើកសាកលល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ)នេះ ដើម្បីពិនិត្យមើលផ្លូវដែក សម្រាប់អ្នកដំណើរ និងជាសារប្រាប់ ទៅអ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាករយៈពេលវែង ។

អ្នកនាំពាក្យរូបនេះបន្ថែមថា ដំណើរការសាកល្បងនេះ ក៏ដើម្បីឲ្យក្រុមការងារបច្ចេកត្រួតពិនិត្យ និងសិក្សាលម្អិតរួមគ្នា លើដំណើរការកែប្រព័ន្ធជើងក្រោម, ទ្វារចេញ-ចូល,ម៉ាស៊ីនត្រជាក់,ច្រកទ្វារសុវត្ថិភាព សម្ភារៈបរិក្ខា និងការងារផ្សេងៗទៀត ដើម្បីប្រាកថាមានសុវត្ថិភាពខ្ពស់ សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការ ជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ។

គួរបញ្ជាក់ថា ខ្សែរថភ្លើងសម្រាប់អ្នកដំណើរផ្លូវដែក ភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)បានផ្អាករយៈពេលវែង ចាប់ពីការរីករាលដាល នៃជំងឺកូវីដ-១៩មក។ ចំពោះការដឹកទំនិញ បានធ្វើឡើងជាប្រចាំ(៣ជើងក្នុងមួយសប្តាហ៍) ៕


