ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកទឹកចិត្តដល់មន្រ្តីក្រសួងបរិស្ថាន និងប្រជាពលរដ្ឋ ត្រូវចេះរៀបចំតុបតែងផ្ទះ ឱ្យបានស្អាតគ្មានសំរាម នោះនិងទទួលបាន នូវសុភមង្គលក្នុងគ្រួសារ និងទទួលបានការកោតសរសើរពីអ្នកជិតខាង មានទាំងភ្ញៀវមកលេង និងបានពរជ័រពីទេវតាទៀត ។
នៅក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលជាមួយ និងមន្រ្តីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ លោករដ្ឋមន្រ្តី អ៊ាង សុផល្លែត បានកោតសរសើរថ្នាក់ដឹកនាំ និងមន្រ្តីបរិស្ថាននៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត ដែលបានប្រឹងប្រែងអនុវត្តយុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន ដែលប្រកាន់ខ្ជាប់នូវសសរស្តមបី គឺភាពស្អាត ភាពបៃតង និងចីរភាព ។
លោករដ្ឋមន្រ្តី គូសបញ្ជាក់ថា «មន្រ្តីក្រសួងបរិស្ថាន និង ប្រជាពលរដ្ឋ ត្រូវចេះ រៀបចំតុបតែងផ្ទះឱ្យបានស្អាតគ្មានសំរាម នោះយើងនិងទទួលបាន នូវសុភមង្គលក្នុងគ្រួសារ និងទទួលបានការកោតសរសើរពីអ្នកជិតខាង មានទាំងភ្ញៀវមកលេង និងបានពរជ័រពីទេវតាទៀត។ ទម្លាប់ស្អាត បានមកពីការអនុវត្តស្អាត ដែលកើតចេញពីចិត្តស្អាត របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»។
ជាមួយគ្នានេះ ទាក់ទងនឹងភាពបៃតង គឺពង្រឹងវិធានការគ្រប់គ្រងធនធានធម្មជាតិ លោករដ្ឋមន្រ្តី បានលើកឡើងផងដែរថា ឪពុកអាចការពារកូនបាន លុះត្រាតែកូនអនុវត្តត្រូវ និងស្របតាមច្បាប់ តែបើកូនអនុវត្តមានការឆ្គាំឆ្គងឪពុកមានសិទ្ធស្តីប្រដៅទម្រង់ទិសឱ្យកូនដើរតាមផ្លូវត្រូវ។ ជាមួយគ្នានេះ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ មុនការអនុវត្តច្បាប់១០០% គឺជាយុទ្ធសាស្រ្ត ការពារប្រសើរជាងព្យាបាល ស្របតាមពាក្យចាស់លោកទូន្មាន គឺបណ្តុះគំនិតពន្លបៃតង ជំរុញការដាំដើមឈើឱ្យបានច្រើន ដើម្បីសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលកំណត់ថានៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០%។
លោល អេង រស្មី ប្រធានស្តីទី មន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ បានឱ្យដឹងថា មន្ទីរខេត្តគ្រប់គ្រងតំបន់ការពារធម្មជាតិ មានចំនួន០៦ លើផ្ទៃដីព្រៃ ទំហំ៧០៨,៦០៧.០៦ហិកតា ក្នុងនោះរួម មាន៖ តំបន់ប្រើប្រាស់ច្រើន យ៉ាង ៥១,៨៣១.៩៦ហិកតា តំបន់ការពារទេសភាពបាកាន ២៣,៤៣៣.០៩ហិកតា ដែនជម្រកសត្វព្រៃភ្នំសំកុស២៨៦,១១៧.៩៧ ហិកតា ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់៧៩,៣៤០.៤៨ហិកតា ឧទ្យានជាតិជួរភ្នំក្រវ៉ាញ ២៦៧,៣៧៧.៥៦ហិកតា តំន់អភិរក្សប្រភពដើមធនធាន សេនេទិចរុក្ខជាតិក្រវាញ ៥០៦ហិកតា និងមានសហគមន៍តំបន់ ការពារធម្មជាតិចំនួន១២ ៕