ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ ក្រសួងការងារ ចុះសួរសុខទុក្ខ និងទទួលទានអាហារ ជាមួយបងប្អូនកម្មករ និយោជិតរោងចក្រ ក្នុងខណ្ឌកំបូល

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារ ជាមួយតំណាងនិយោជក រោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិតនេះរោងចក្រ COMO APPAREL CO.,LTD ដឹកនាំដោយលោក ងុយ រិទ្ធ រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងរោងចក្រ C.F.C GARMENT PTY CO.,LTD. ដឹកនាំដោយ លោក សាន គឹមហុង អនុរដ្ឋលេខាធិការ និងរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD  ដឹកនាំដោយ លោក វិត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ។

នៅក្នុងការចុះសួរសុខទុក្ខ និងពិនិត្យមើលស្ថានភាព ការងាររបស់បងប្អូនកម្មករនិយោជិតជាង ១ ៨០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ COMO APPAREL CO.,LTD. ស្ថិតក្នុង ខណ្ឌកំបូល លោក ងុយ រិទ្ធ រដ្ឋលេខាធិការ នៃក្រសួងការងារ បានជួបពិភាក្សាការងារ ជាមួយតំណាងនិយោជក រោងចក្រ និងបាន​សំណេះសំណាលផ្ទាល់ ជាមួយបងប្អូនកម្មករនិយោជិតតាមផ្នែកនីមួយៗ នៅក្នុងរោងចក្រ ដើម្បីពិនិត្យមើលស្ថានភាពការងារ និងដំណើរការនៃការប្រព្រឹត្តទៅ នៃខ្សែចង្វាក់ផលិតកម្មនៅក្នុងអាគាររោងចក្រ ។  

ក្រោយការទទួលទានអាហារថ្ងៃត្រង់ និងជួប​សំណេះសំណាល សាកសួរផ្ទាល់ជាមួយបងប្អូនកម្មករ និយោជិតរួច លោក ងុយ រិទ្ធ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ទៅដល់ម្ចាស់រោងចក្រ COMO APPAREL CO.,LTD.. ដែលមិនត្រឹមតែគោរព តាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារ បានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់អត្ថប្រយោជន៍ ជាច្រើនទៅ តាមគោលការណ៍ របស់រាជរដ្ឋាភិបាល បានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនកម្មករនិយោជិតផងដែរ ។ 

ដោយឡែក ក្នុងការចុះសំណេះសំណាល សួរសុខទុក្ខ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិតជាង ៨០០នាក់ នៅរោងចក្រ C.F.C GARMENT PTY CO.,LTD. ក្នុងខណ្ឌកំបូល លោក សាន គឹមហុង អនុរដ្ឋលេខាធិការ បានដើរពិនិត្យដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្ម ក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC(ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ ផងដែរ ។
លោក សាន គឹមហុង និងក្រុមការងារ ក៏បានទទួលទានអាហាថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល។

នៅក្នុងឱកាសនោះដែរ លោក ក៏បានជួបពិភាក្សាការងារ ជាមួយតំណាងរោងចក្រ ដោយបានគូសបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូនកម្មករ និយោជិតដោយផ្ទាល់ នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ពីសំណាក់ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករ និយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់ នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ទំនាក់ទំនងកាន់ តែជិតស្និត រវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោងចក្រ សហគ្រាស ជាពិសេសនោះគឺ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិតដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច ។

ទន្ទឹមនេះដែរ ក្នុងការចុះជួបសំណេះសំណាល សួរសុខទុក្ខ ទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតជាង ៨០០នាក់ នៃរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD. ស្ថិតក្នុងខណ្ឌកំបូល លោក វិត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ ក៏បានជួបពិភាក្សា ការងារជាមួយរដ្ឋបាល និង នាយកសហគ្រាស ដើម្បីសាកសួរព័ត៌មានមួយ ចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេងដែលរោងចក្រ SUNICON (CAMBODIA) APPAREL CO.,LTD. ផ្តល់ជូនបងប្អូនកម្មករនិយោជិត ។ នាឱកាសនោះដែរ លោក ក៏បានចុះពិនិត្យមើលផ្ទាល់ តាមខ្សែចង្វាក់ផលិតកម្ម នៅក្នុងអគាររោងចក្រ និង បានជួបសាកសួរសុខទុក្ខបងប្អូនកម្មករនិយោជិត និងបានទទួលទាន បាយថ្ងៃត្រង់នៅអាហាដ្ឋាន ក្នុងរោងចក្ររួមគ្នាផងដែរ ។

លោកអនុរដ្ឋលេខាធិការ បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្រ បានអនុវត្តលក្ខខណ្ឌ ការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ ផ្សេងៗជូនបងប្អូនកម្មនិយោជិត បានយ៉ាងល្អដូច ដែលច្បាប់ការងារ បានកំណត់ផងដែរ ។ ​
ក្នុងឱកាសនោះ លោកបានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ សហគ្រាស ដែលបានផ្តល់កិច្ចសហការយ៉ាងល្អជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំជំនួបសំណេះសំណាល សួរសុខទុក្ខ និង ទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត ប្រកបដោយភាពស្និទស្នាល ។ ទន្ទឹមនេះ លោកបានស្នើឱ្យម្ចាស់រោងចក្រ បន្តយកចិត្តទុកដាក់លើសុវត្ថិភាព របស់កម្មករនិយោជិតទាំងអស់ ជាពិសេសបន្តផ្តល់ អត្ថប្រយោជន៍ឱ្យបានពេញលេញ តាមច្បាប់ការងារជូនដល់កម្មករ និយោជិតទាំងអស់ផងដែរ៕

To Top