ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនលោក ស្រ៊ុន ស្រ៊ន និងបក្ខពួក៣នាក់ ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ស្រ៊ុន​ ស្រ៊ន និងបក្ខពួក៣នាក់ផ្សេងទៀត ពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជា។

តាមសេចក្ដីប្រកាសព័ត៌មាន របស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថានៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ សាលាដំបូង និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ទាក់ទិននឹង អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទចំនួន ៤នាក់ ១.ឈ្មោះ ស៊្រុន ស្រ៊ន ភេទប្រុស ២.ឈ្មោះ ភឹង សោភា ភេទស្រី ៣.ឈ្មោះ ចក់ ប៉ានមុន្នី ភេទប្រុស ៤.ឈ្មោះ សាន សិទ្ធ ភេទប្រុស និងគួកន ត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ប្រព្រឹត្តនៅ ប្រទេសកម្ពុជា កាលអំឡុងខែកក្កដា ឆ្នាំ២០២៤ និងពេលបន្តបន្ទាប់ បទល្មើសព្រហ្មទណ្ឌដែលមានចែង និង ផ្តន្ទាទោសតាមមាត្រា ៤៨៤ និងមាត្រា ៤៩៥ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ជនត្រូវចោទទាំង៤នាក់ និងបក្ខពួក បានផ្សាយផ្ទាល់ (LIVE) វីដេអូនៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក Srun Srorn ព្រមទាំងបង្ហោះចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួន ពាក់ព័ន្ធទៅនឹង “គម្រោងអភិវឌ្ឍ តំបន់ត្រីកោណរវាងរដ្ឋាភិបាលកម្ពុជា ឡាវ វៀតណាម (CLV-DTA)” និងបានធ្វើការអត្ថាធិប្បាយដែលមានចរិក លក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យ ប្រឆាំងនឹងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះ បានបង្កឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ។

បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទនិងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំង ៤នាក់ ដូចបានបញ្ជាក់ជូនខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។

សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ចំពោះសកម្មភាពដែលមានចរិកលក្ខណៈមួលបង្កាច់ ប្រឌិតព័ត៌មានមិនពិត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម ៕

To Top