ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងទូតចិន ពិភាក្សាលើការងារវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រឹងមិត្តភាព កម្ពុជា-ចិន

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកការងារវិនិយោគ ព្រមទាំងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រឹងមិត្តភាព កម្ពុជា-ចិន។

ជំនួបនារសៀលនេះ បានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាពការទូត រវាងប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែមានភាពរឹងមាំល្អប្រសើរ ប្រកបដោយផ្លែផ្កា ព្រមទាំងពិភាក្សាផ្លាស់ប្តូរយោបល់ អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសលើការងារទាក់ទាញការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា នៅកម្ពុជា ឱ្យកាន់មានភាពរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនៃជំនួបនេះដែរ លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ លោកឯកអគ្គរដ្ឋទូត ដែលទើបទទួលបានការតែងតាំង ឱ្យមកបំពេញបេសកកម្មការទូតនៅកម្ពុជា និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះការជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាល និងប្រជាជនចិន ស្របតាមយុគសម័យថ្មី នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ៕

To Top