កំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងលួចលក់ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ ហេង សុខជា ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក ហេង សម្រេច នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងក្រុមហ៊ុនចំនួន២ ៖
ទី១-ក្រុមហ៊ុន PKl និងក្រុមហ៊ុន Siam Kubota.corporation អំពីទីតាំងមួយកន្លែងកំពុងធ្វើសកម្មភាព លួចលក់ប្រេងម៉ាស៊ីនក្លែងក្លាយ ទីតាំងក្នុងភូមិសាស្ត្រខាងលើ ក៏បានចុះប្រតិបត្តិការដែលដឹកនាំ និងសម្របសម្រួលនីតិវិធីពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ជាមួយអ្នកតំណាងសិទ្ធិផ្តាច់មុខនាំចូលផលិត ហើយក៏បានធ្វើការឆែកឆេរ សមត្ថកិច្ចរកឃើញប្រេងម៉ាស៊ីន មិនប្រក្រតីនិងសម្រេចរឹបអូស ដកហូតជាបណ្តោះអាសន្នរួមមាន ៖ ប្រេងរំអិលម៉ាក់NOVA 2Tចំណុះ(1L)ចំនួន៤៩១កំប៉ុង និងប្រេងម៉ាក់ NOVA 2Tចំណុះ(0.5L)ចំនួន៧៧១កំប៉ុង សរុបប្រេងរំអិល ម៉ាក់NOVAចំនួន១២៦២កំប៉ុង, ប្រេងរំអិលម៉ាក់TRA CHANGចំណុះ(3L)ចំនួន២៨០៨ប៊ីដុង និងប្រេងរំអិលម៉ាក់TRA CHANG ចំណុះ(6L) មានចំនួន២៧៨ប៊ីដុង សរុបចំនួន៣០៨៦ប៊ីដុង ។

សរុបប្រេងរំអិលទាំង ២ប្រភេទនេះ មានចំនួន៤៣៤៨ ហើយត្រូវបានយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីបន្តនីតិវិធី ៕







