ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលនៅថ្ងៃ២៤ កក្កដា បានជួបសំណេះសំណាល ជាមួយមន្រ្តី នៃនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីរដ្ឋលេខាធិការ ទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ។
ជាកិច្ចចាប់ផ្តើម សាស្រ្តាចារ្យរដ្ឋមន្រ្តី មានមតិសំណេះ សំណាល និងជម្រាបជូនពីគោលបំណង ក្នុងការជួបជាមួយមន្ត្រី នៃនាយកដ្ឋាន ដើម្បីស្វែងយល់ពីបច្ចុប្បន្នភាព វឌ្ឍនភាពការងារ រួមទាំងបញ្ហាប្រឈម និងសំណូមពរនានា ក្នុងការពង្រឹងការអនុវត្តការងារ ឲ្យកាន់តែរលូន ក្រោមកិច្ចសហការល្អ រវាងសហភាតរ ក្នុងនាយកដ្ឋាន និងអន្តរនាយកដ្ឋាន ជំនាញផ្សេងៗ ។ ការជួបនេះ គឺជាការបង្កើននូវភាពជិតស្និត និងបង្ហាញពីការយកចិត្តទុកខ្ពស់ ដល់មន្ត្រីទាំងអស់ ដែលបានខិតខំប្រឹងប្រែង អនុវត្តការងារកន្លងមក។
ទន្ទឹមនឹងនេះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ចំនួន៦ចំណុចសំខាន់ៗ ៖
១)ពង្រឹងភាពជាដៃគូ ដោយការលើកកម្ពស់ ភាពរឹងមាំង ការកសាង កិច្ចសហប្រតិបត្តិការជាមួយដៃគូ រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍បរទេសទាំងអស់ ។
២) នាយកដ្ឋាន ត្រូវអនុវត្តស្របជាមួយ គោលនយោបាយ និងយុទ្ធសាស្ត្ររបស់ស្ថាប័ន។
៣) ប្រសិទ្ធភាព នៃការសម្របសម្រួល នៃកិច្ចដំណើរការអនុវត្ត។
៤) ប្រឹងប្រែងកសាងសមត្ថភាព បច្ចេកទេស និងធនធានមនុស្ស ដោយផ្តោតទៅលើចំណុចអាទិភាពសំខាន់ៗរបស់អង្គភាព។
៥) ការវាយតម្លៃ និងតាមដានការងារជាប្រចាំ ដើម្បីពិនិត្យ និងផ្តល់ការកែលម្អឲ្យកាន់តែប្រសើរឡើង។
៦) ត្រូវមាននវានុវត្តន៍ និងការសម្របសម្រួល ដោយការលើកទឹកចិត្តឲ្យមន្ត្រីនាយកដ្ឋាន ឈានទៅដល់ការនវានុវត្តន៍ក្នុងការងារ ព្រមទាំងឲ្យមានប្រសិទ្ធភាពកាន់ខ្ពស់។
ក្នុងឱកាសនេះ សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកទឹកចិត្តឲ្យខិតខំ បំពេញការងារបន្ថែមទៀត និងក៏បានផ្តាំផ្ញើការសួរសុខទុក្ខ ដល់មន្ត្រីសុខាភិបាលទាំងអស់ ក្នុងនាយកដ្ឋានផងដែរ ៕