ភ្នំពេញ ៖ ក្នុងនាមជាអ្នកជួសជុល ប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់ មរតកដូនតា ដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាត ទៅតាមអាយុកាល ចង់ឃើញស្នាដៃដូនតានៅគង់ វង្សយូរអង្វែង សម្រាប់កូនខ្មែរគ្រប់ជំនាន់។

បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៥ កក្កដានេះ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ គឺជាកម្មករជំនាញជួសជុលប្រាសាទបុរាណ ក្នុងតំបន់អង្គរជាង២០ឆ្នាំ ជាមួយស្ថាប័នអាជ្ញាធរជាតិអប្សរា ដែលបច្ចុប្បន្ន រូបលោកកំពុងបន្តការងារជួសជុលខឿនជណ្តើរ និងបង្កាន់នាគផ្នែកខាងលិចនៃជណ្តើរកណ្តាល ភាគខាងត្បូងនៃប្រាសាទអង្គរវត្ត។

លោក សុផល យល់ថា ការងារជួសជុល អភិរក្សប្រាសាទបុរាណ គឺមានតម្លៃធំធេង មិនអាចកាត់ថ្លៃបាន។ ចិត្តស្រឡាញ់ប្រាសាទ បុរាណ លោក សុផល ចង់ឲ្យកេរដំណែលដូនតាខ្មែរគង់វង្សយូរអង្វែង ទុកសម្រាប់កូនខ្មែរ ជំនាន់ ក្រោយឃើញ និងថែរក្សាបន្តទៀត។

ដូចគ្នានេះដែរលោក ធ្លក សុខ អាយុ៤៩ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើងដែរ បានបង្ហាញការសប្បាយចិត្ត ដែលរូបគាត់ចូលបម្រើការងារ ជួសជុល ប្រាសាទបុរាណប្រមាណជិត ១០ឆ្នាំមកនេះ ព្រោះដ្បិតក្តីប្រាថ្នាចង់ឃើញ ប្រាសាទបុរាណ មានភាពរឹងមាំ ជារៀងរហូត ហើយក្រុមការងារ តែងតែខិតខំរួមគ្នា អស់ពីកម្លាំងកាយចិត្ត ដើម្បីឲ្យការងារនេះបានជោគជ័យ៕


