ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ ចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបង្ក្រាបនិង ទប់ស្កាត់បទល្មើស ក្នុងខែមិថុនាកន្លងនេះ ដែលបានធ្វើឲ្យបទល្មើស ព្រហ្មទណ្ឌថយចុះ ប៉ុន្តែក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ។

ការលើកឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃ២៥ កក្កដា ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ។

ក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ក្នុងនាមសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរកងកម្លាំង មានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយកិច្ច ក្នុងបង្ក្រាបនិង ទប់ស្កាត់បទល្មើស ដែលធ្វើឲ្យបទល្មើស ព្រហ្មទណ្ឌថយចុះ ដោយនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះ បទល្មើសព្រហ្មទណ្ឌ បានកើតមាន ៣៧លើក/៤២លើក ថយចុះ៥លើក ស្មើនឹង ១១.៩០% ជាមួយនិងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៣៤ករណី ឃាត់ខ្លួន ៤១នាក់។ បង្ក្រាបបទល្មើសគ្រឿងញៀន បាន១៨១ករណី ឃាត់ខ្លួន៣៨៤នាក់។

ក្នុងនោះបានធ្វើការគ្រប់គ្រង មុខសញ្ញាក្មេងទំនើង ជនទំនើងចំនួន ៣១០មុខសញ្ញា។ ប៉ុន្តែ បែរជាគ្រោះថ្នាក់ចរាចរណ៍ កើនឡើងទៅវិញ ពោលគឺនៅក្នុងខែមិថុនាឆ្នាំ២០២៤នេះ កើតមានឡើង៨៣លើក/៦៩លើក កើនឡើង ១៤លើក ស្មើនឹង ២០,២៨%។ ដូច្នេះក្រុមប្រឹក្សា រាជធានីភ្នំពេញ ក៏បានស្នើកងកម្លាំងមានសមត្ថកិច្ច បន្តរឹតបន្តឹងការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោកនេះបន្ថែមទៀត។

ជាមួយគ្នានេះ លោក ហួត ហៃ បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ ជារឿងធំមួយ ដោយក្នុងមួយថ្ងៃបានសំលាប់មនុស្សពី៥ទៅ៦នាក់ នៅទូទាំងប្រទេស ហើយគ្រោះថ្នាក់ ចរាចរណ៍នេះ ត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ ។ ដោយឡែកសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ក៏បានយកចិត្តទុកដាក់ខ្លាំងដែរ សំដៅធ្វើយ៉ាងណាឲ្យ គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ ត្រូវបានកាត់បន្ថយ។

សូមបញ្ចាក់ថា ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤នេះ បានពិនិត្យ និងអនុម័តលើរបៀបវារៈចំនួន៨ រួមមាន ៖
១- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
២- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ។
៣- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នៃរដ្ឋបាលរាជធានីភ្នំពេញ។
៤- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការទទួលស្គាល់សមាសភាពប្រធាន- អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សារាជធានី ភ្នំពេញ អាណត្តិទី៤។
៥- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការលទ្ធកម្មរបស់រដ្ឋបាលរាជធានីភ្នំពេញ។
៦- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មការ រៀបចំគម្រោងរាជធានីភ្នំពេញ។
៧- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការទទួលស្គាល់ប្រធាន អនុប្រធាន និង សមាជិកគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ។
៨- ពិនិត្យ និងអនុម័តលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការទទួល ស្គាល់ប្រធាន អនុប្រធាន និង សមាជិកលេខាធិការ ដ្ឋាន នៃគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្ម រាជធានីភ្នំពេញ៕



