កំពង់ស្ពឺ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា៩ កក្កដា នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ក្នុងបរិវេណដីបម្រុងរដ្ឋបាលស្រុកសាមគ្គីមុនីជ័យ ភូមិត្រពាំងសង្កែ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យដោយមានការចូលរួមពីលោកយឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តផងដែរនោះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការចូលរួមដាំដើមឈើ គឺជាសារដាស់អារម្មណ៍ទៅដល់ប្រជាពលរដ្ឋ មន្ត្រីរាជការឲ្យងាកមកស្រឡាញ់បរិស្ថាន ស្រឡាញ់ធម្មជាតិ និងទប់ស្កាត់បទល្មើសកាប់បំផ្លាញព្រៃឈើ រុករៀនទន្ទ្រានយកដីរដ្ឋ ធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួន។

អភិបាលខេត្តបន្តថា តាមបណ្ដាតំបន់ទេសចរធម្មជាតិ និងកែច្នៃទាំងអស់ក្នុងខេត្ត ត្រូវចូលរួមដាំកូនឈើឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត ដើម្បីចូលរួមកម្ពស់វិស័យទេសចរណ៍។ ក្នុងនោះមន្ទីរកសិកម្មត្រូវចុះពង្រឹងជំនាញដាំដុះថែទាំដំណាំគ្រប់ប្រភេទ នៅតាមបណ្ដាឃុំទាំង៨៨ នៅទូទាំងខេត្តខណៈបច្ចុប្បន្នមន្ត្រីកសិកម្មមានចំនួន១៣ឃុំហើយ ដូច្នេះប្រជាជនកម្ពុជាប្រមាណជា៨០% ជាកសិករដាំដុះដំណាំស្រូវ រួមចំណែកក្នុងការជីវភាពឲ្យកាន់តែធូរធារបន្ថែមទៀត យោងតាមអនុសាសន៍ដល់ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

អភិបាលខេត្ត ក៏បានស្នើប្រជាពលរដ្ឋ មន្ត្រីរាជការទាំងអស់ចូលរួមដំណើរកម្សាន្ត និងបោះតង់ជាមួយលោកលើភ្នំផ្សារ ដើម្បីភាពទាក់ទាញទៅដល់ភ្ញៀវជាតិ- អន្តរជាតិមកទស្សនាក្នុងខេត្តកំពង់ស្ពឺ ឲ្យបានកាន់តែច្រើនជាង ៤ម៉ឺននាក់ក្នុងមួយសប្តាហ៍ ។

ជាមួយគ្នានេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីថែរក្សាឲ្យបាននូវសុខសន្តិភាព ព្រោះមានសុខសន្តិភាពទើបមានការអភិវឌ្ឍ នេះជាសច្ចភាពដែលមិនអាចប្រកែកបាន។ បច្ចុប្បន្ននេះ កម្ពុជាមានសុខសន្តិភាព ឯកភាពជាតិខ្មែរនៅទូទាំងប្រទេស ដូច្នេះប្រជាពលរដ្ឋ និងទេសចរណ៍ជាតិអន្តរជាតិ ចង់ដើរកំសាន្តទីណាកន្លែងណាក៏បាន។

ជាមួយគ្នានោះផងដែរ លោកបានក្រើនរំលឹកដល់អាជ្ញាធរទាំងអស់ ត្រូវចូលរួមលុបបំបាត់នូវរាល់សកម្មភាព ប្រើប្រាស់ចែកចាយគ្រឿងញៀន និងល្បែងស៊ីសង តូចធំគ្រប់ទម្រង់ផងដែរ។

គួរបញ្ជាក់ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ស្ពឺ បានរៀបចំដាំដើមឈើលើផ្ទៃដីទំហំជាង៥ហិតាដែលមានកូនឈើចម្រុះចំនួន៣.៧៥០ដើម ក្នុងនោះដាំក្នុងបរិវេណខាងលើនេះចំនួន៧៥០ដើម ជាប្រភេទឈើលំអរមានដើមក្ងោក និងឈើរយៈពេលវែងមានដើមធ្នង់ ក្រញូង គីនីន ដាំស្របតាមបណ្តោយផ្លូវលេខ១៤៤០ ដាំជុំវិញបរិវេណសាលាស្រុក និងដាំនៅទីតាំងប្រារព្ធពិធី ។ ជាមួយគ្នានេះ រដ្ឋបាលព្រៃឈើក៏បានត្រៀមកូនឈើរយៈពេលវែង(បេង គ្រញូង ធ្នង់ គគីរ ស្លៀក) និងឈើហូបផ្លែសរុបចំនួន ៣.០០០ដើមផ្សេងទៀត សម្រាប់ចែកជូនប្រជាពលរដ្ឋដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះផងដែរ៕







