កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដែលខេត្តកំពង់ចាម ទទួលបានជ័យលាភី ហើយត្រូវប្រកាសជាខេត្តបញ្ចប់ការ បន្ទោបង់ពាសវាល ពាសកាល ។ ពិធីប្រកាសនេះ ធ្វើឡើងនៅបរិវេណមុខសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ខេត្តកំពង់ចាម គ្រប់លំដាប់ថ្នាក់ និងមានការចូលរួមអបអរដង្ហែរក្បួន ជុំវិញក្រុងកំពង់ចាមប្រមាណជា២,០០០នាក់ផងដែរ ។

ក្នុងឱកាសដ៏អធិកអធមនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម មានប្រសាសន៍ថា វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តកំពង់ចាម មានការកើនឡើងជាលំដាប់ អាស្រ័យដោយស្ថានភាពជីវភាពប្រជាពលរដ្ឋមានការរីកចម្រើន ដូច្នេះទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋក៏មានលក្ខណៈបែបទំនើប និងស៊ីវិល័យមិនចាញ់ពលរដ្ឋរស់នៅទីក្រុងឡើយ។ ចំពោះស្ថានភាពក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ ដែលសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល សរុបចំនួន១០ក្រុង-ស្រុក ១០៩ឃុំ-សង្កាត់ ៩៤៦ភូមិស្មើនឹង ១០០%។

លោកថា សមិទ្ធផលនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលខេត្តកំពង់ចាមនាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍជាតិ ជាពិសេសប្រជាពលរដ្ឋខេត្តកំពង់ចាម បានបង្កើនលទ្ធភាព ក្នុងការទទួលបានប្រាក់ចំណូល មានសុខុមាលភាពល្អ ជីវភាពសមរម្យ អនាម័យបរិស្ថានស្អាត ដែលជាភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រោះបើការរស់នៅមិនមានអនាម័យ មិនមានទឹកស្អាតប្រើប្រាស់ ជាប្រភពនាំឲ្យកើតជំងឺឆ្លងដែលជាហេតុនាំឲ្យប៉ះពាល់ដល់សុខភាព ទាំងរូបរាងកាយ និងសតិបញ្ញាស្មារតី ជាពិសេសធ្វើឲ្យខាតបង់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិផងដែរ។

សម្រាប់រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន មានប្រសាសន៍ផងដែរថា ថ្ងៃនេះ ពិតជាមានមោទកភាព ដែលខេត្តកំពង់ចាមត្រូវបានទទួលស្គាល់ជាខេត្តទី៨របស់កម្ពុជា ដែលសម្រេចបានការបញ្ចប់ ការបន្ទោរបង់ពាសវាលពាក្យកាល ។ ការសម្រេចបាននេះគឺមានន័យថា គ្រប់ផ្ទះទាំងអស់នៅខេត្តកំពង់ចាម មានបង្គន់អនាម័យផ្ទាល់ខ្លួន និងមានបង្គន់អនាម័យប្រើប្រាស់រួមគ្នា ។ លទ្ធផលនៃការទទួលបាននៅពេលនេះ បានឆ្លុះបញ្ចាំង ពីការចូលរួម និងការខិតខំប្រឹងប្រែងរបស់ខេត្តទាំងមូលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងការចូលរួមរបស់ប្រជាពលរដ្ឋផងដែរ ។

លោករដ្ឋមន្ត្រី បានយកឱកាសនោះសំដែងការ កោតសរសើរដោយស្មោះ ចំពោះការខិតខំប្រឹងប្រែងចូលរួមដឹកនាំជំរុញឲ្យ ខេត្តកំពង់ចាមទទួលបានជោគជ័យ ជាខេត្ត ODF ទី៨ នៅកម្ពុជា ។

លោករដ្ឋមន្ត្រីក៏បានអំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តចូលរួមនិងសហការ សម្រាប់សកម្មភាពលើកកម្ពស់អនាម័យ ជនបទឲ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តយកចិត្តទុកដាក់ដល់គ្រួសារក្រីក្រ ជនមានពិការភាព និងជនងាយរងគ្រោះនានា ដើម្បីឲ្យពួកគាត់ទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ គ្រប់ៗគ្នា ៕








