ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ចេញញត្តិគាំទ្រសារពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា អំពីក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដែលជាគំនិតផ្តួចផ្តើមដំបូងរបស់កម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ក្នុងគោលបំណងជម្រុញសមាហរណកម្មខេត្តជាប់ព្រំដែន នៃប្រទេសទាំង៣ កម្ពុជា-ឡាវ-វៀតណាម ធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ ។
គម្រោងកិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ៗ ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការការពារបូរណភាពទឹកដី និងការដោះស្រាយបញ្ហាតាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ។ មិនតែប៉ុណ្ណោះ គម្រោងនេះជាការតភ្ជាប់ដែលនាំមកនូវក បង្កើនពាណិជ្ជកម្មឆ្លងដែន ការលើកកម្ពស់វិស័យទេសចរណ៍ដែលជាគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងកាត់បន្ថយភាពក្រីក្រតាមតំបន់ព្រំដែន និងទូទាំងប្រទេសផងដែរ។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ប្រទេសទាំង៣ បានសហការគ្នាយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធភាព ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិតមិនប្រពៃណី ដូចជា៖ ឧក្រិដ្ឋកម្មឆ្លងដែន ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ គ្រោះមហន្តរាយធម្មជាតិ សន្តិសុខ សុខភាពសាធារណៈ ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀនជាដើម។
ក្នុងន័យនេះ លោក ឃួង ស្រេង ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអំពាវនាវដល់សមាជិក-សមាជិកាគណបក្សគ្រប់ថ្នាក់ ស្តាប់ប្រសាសន៍ទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ និងចូលរួមទប់ស្កាត់នូវរាល់ព័ត៌មាន មិនពិតទាំងឡាយដែលមានលក្ខណៈមូលបង្កាច់ ញុះញង់ បំពុលសង្គមពីសំណាក់ក្រុមឧទ្ទាមក្រៅច្បាប់ដែលបាន ប្រឌិតឡើងដើម្បីកេងចំណេញតាមរយៈផែនការដ៏ខ្មៅងងឹតរបស់ពួកគេ និងអំពាវនាវដល់សមត្ថកិច្ច ចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ជាទីបំផុត៕