ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញអមដំណើដោយថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងមន្ត្រីជំនាញ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋានផ្លូវ ១ខ្សែ ដែលកំពុងស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST) និងមានផ្នែកខ្លះក្រាលបេតុងសរសៃដែកមានប្រវែងសរុប ២០,៦០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិប្រស្រែលើសង្កាត់វិហារលួង ទៅដល់ភូមិត្រពាំងឬស្សី ឃុំ រកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះបានបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចលទ្ធផលបាន ១០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
លោករដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់
យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។



បន្ទាប់ពីបានអញ្ជើញពិនិត្យការដ្ឋានផ្លូវរួចមក លោករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យសហគមន៍
កសិកម្មចំនួន ២កន្លែង និងជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយ បងប្អូនកសិករក្នុងសហគមន៍
ស្ថិតនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ និងភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។


នាឱកាសសំណេះសំណាលនោះ លោករដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនាសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាព និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះ
ប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងអស់ផងដែរ។


លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលបច្ចុប្បន្នដែលមាន សម្ដេច
ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ប្រទេសកម្ពុជាកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ
សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅ
កាន់តែប្រសើរឡើងជាលំដាប់។ សមិទ្ធផលទាំងនេះកើតចេញពីកត្តាសុខសន្តិភាពដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាបិតាស្ថាបនិកនៃសន្តិភាព និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។




លោករដ្ឋមន្រ្តី បន្តថា ជាមួយគ្នានេះកម្ពុជាកំពុងរង់ចាំទទួលសមិទ្ធិផលថ្មី ដ៏ធំមួយទៀតជាប្រវត្តិសាស្ត្រ
គឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
លោករដ្ឋមន្ដ្រី បានសំណូមដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចូលរួមសាទរជាមួយនិងសមិទ្ធិផលដ៏អស្ចារ្យ
មិនធ្លាប់មានកន្លងមក តាមរយៈការទូងស្គរ វាយប៉ោត ឬចាក់ឧបករណ៍បំពងសំលេងគ្រប់ប្រភេទ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឲ្យមានភាពអធិកអធម៕
