ភ្នំពេញ ៖ ថ្នាក់ដឹកនាំចំនួន២រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសំណេះសំណាល ពិនិត្យមើលការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយបងប្អូនកម្មករនិយោជិត និងពិភាក្សាការងារជាមួយតំណាងនិយោជករោងចក្រចំនួន២ទីតាំង ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ។

កម្មវិធីចុះសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិតនេះ មានរោងចក្រ MINEBEA (CAMBODIA) CO.,LTD. ស្ថិតក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ដឹកនាំដោយលោក កុយ ទេពដារាវុធ អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និងរោងចក្រ SUMI (CAMBODIA) WIRING SYSTEMS CO.,LTD. ដឹកនាំដោយ លោក មឿន ហុក អនុរដ្ឋលេខាធិការ។

នៅក្នុងជំនួបពិភាក្សាជាមួយតំណាង និយោជករោងចក្រ និងទទួលទានអាហារថ្ងៃត្រង់ ជួបសំណេះសំណាល សាកសួរផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនៅក្នុងរោងចក្រ MINEBEA (CAMBODIA) CO.,LTD. រួចមក លោក កុយ ទេពដារាវុធ បានវាយតម្លៃថា ស្ថានភាព នៃការបំពេញការងាររបស់ងប្អូនកម្មករនិយោជិត រួមនិងទំនាក់ទំនង វិជ្ជាជីវៈរវាងនិយោជកនិងកម្មករនិយោជិតប្រមាណ៧ ៧ ៧០០នាក់ ដែលកំពុងបំពេញការងារនៅក្នុងរោងចក្រ MINEBEA (CAMBODIA) CO.,LTD. មានភាពល្អប្រសើរ ។

លោក ថ្លែងអំណរគុណទៅ ដល់ម្ចាស់រោងចក្រ ដែលបានគោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តនូវស្តង់ដាការងារ បានយ៉ាងល្អថែមទាំង បានផ្តល់អត្ថប្រយោជន៍ជាច្រើន ទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាល បានកំណត់ក្នុងការ ផ្តល់អត្ថប្រយោជន៍ ដល់បងប្អូនកម្មករនិយោជិតផងដែរ ។ ក្នុងនោះក្រៅពីការផ្តល់ ប្រាក់ឈ្នួលអប្បបរមា ២០៤ដុល្លារ
រោងចក្រក៏ផ្តល់ប្រាក់រង្វាន់ ធ្វើការទៀងទាត់ ប្រាក់សោហ៊ុយធ្វើដំណើរ ប្រាក់រង្វាន់អតីតភាពការងារ ប្រាក់ថែមម៉ោង និងថ្ងៃឈប់សម្រាកប្រចាំឆ្នាំ១៨ថ្ងៃ ។ ចំពោះកម្មការិនីមានកូនតូច រោងចក្រក៏មានបន្ទប់រក្សាទុកទឹកដោះម្តាយ និងមានដៃគូទារកដ្ឋានក្បែរតំបន់ ដែលការចំណាយថ្លៃមើលថែទារកជាបន្ទុករបស់និយោជករោងចក្រ។ បន្ថែមពីនេះ រោងចក្រមានអាហារដ្ឋានចំនួន ២អាគារ សម្រាប់កម្មករនិយោជិត ទទួលទានអាហារថ្ងៃត្រង់, មានគិលានដ្ឋាន, អាគារស្នាក់នៅ សម្រាប់កម្មករនិយោជិត ដែលការចំណាយ ជាបន្ទុករបស់និយោជក ។

រោងចក្រ MINEBEA (CAMBODIA) CO.,LTD. ជារោងចក្រផលិតគ្រឿងបង្គុំម៉ាស៊ីន បង្គុំគ្រឿងអេឡិចត្រូនិក និងតំឡើងគ្រឿងអេឡិចត្រូនិក នាំចេញទៅកាន់ប្រទេសជប៉ុន សិង្ហបុរី ហ្វីលីពីន វៀតណាម កូរ៉េ អាម៉េរិក អាលឺ្លម៉ង់ បារាំង។

ដោយឡែក ក្នុងការ ចុះជួបពិភាក្សា ការងារជាមួយតំណាងនិយោជក និងសាកសួរសុខទុក្ខផ្ទាល់ ជាមួយបងប្អូនកម្មករ និយោជិតប្រមាណ ៤ ៨០០នាក់ នៅរោងចក្រ SUMI (CAMBODIA) WIRING SYSTEMS CO.,LTD. លោក មឿន ហុក បានពិនិត្យដោយផ្ទាល់ពីដំណើរ ការផលិតកម្ម ក្នុងរោងចក្រ និងបានទទួលទានអាហាថ្ងៃត្រង់ ជាមួយបងប្អូនកម្មករ និយោជិត នៅក្នុងបរិយាកាសដ៏មានភាពស្និទ្ធស្នាល ។

លោក មឿន ហុក បានពិនិត្យ ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ឌខណ្ឌការងារ រួមនិងអត្ថប្រយោជន៍ផ្សេងៗ ជូនបងប្អូនកម្មករនិយោជិតបានត្រឹមត្រូវ និងលើសពីច្បាប់ការងារបានកំណត់ទៀតផង។ ក្នុងនោះ រោងចក្រផ្តល់អាហារពីរពេលដល់កម្មករនិយោជិត, ផ្តល់កន្លែងស្នាក់នៅ, ផ្តល់ប្រាក់ឈ្នួលតាមច្បាប់ប្រកាស, ប្រាក់រង្វាន់ធ្វើទៀងទាត់១០ដុល្លារក្នុងមួយខែ, ប្រាក់រង្វាន់អតីតភាពការងារ, និងសោហ៊ុយធ្វើដំណើរអនុវត្តតាមប្រកាស, ជាដើម។

គួរបញ្ជាក់ថា ការចុះសួរសុខទុក្ខបងប្អូន កម្មករនិយោជិត ដោយផ្ទាល់នៅតាមរោងចក្រនេះ គឺជាការគិតគូរយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើបងប្អូនកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស ធ្វើយ៉ាងណាផ្សារភ្ជាប់ ទំនាក់ទំនងកាន់តែជិតស្និតរវាងរដ្ឋាភិបាល ជាមួយបណ្តាម្ចាស់រោង ចក្រសហគ្រាស ជាពិសេសនោះគឺសុខទុក្ខ របស់បងប្អូនកម្មករនិយោជិត ដែលរដ្ឋាភិបាលតែងតែគិតគូរជានិច្ច៕




